សុខភាព Jan 26, 2024

រកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីH5N1ម្នាក់ទៀតជាកុមារអាយុ៣ឆ្នាំរស់នៅខេត្តព្រៃវែង

image

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីចំនួន១ករណីបន្ថែមទៀត ដែលកើតលើក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ រស់នៅភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវៃង។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។

ក្មេងប្រុសជាអ្នកជំងឺនេះ ទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សីប្រភេទហាស់៥អ៊ិន១(H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះរបស់ក្មេងប្រុសជាអ្នកជំងឺនេះ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ូលិស និងអង្គការដៃគូ ដើម្បីអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្រ្ត និងពិធីសារបច្ចេកទេស បន្តស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស។ មិនតែប៉ុណ្ណោះ ក្រុមឆ្លើយតបបន្ទាន់ក៏បន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ជាមួយគ្នា ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សីH5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេស ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបានឆាប់ទាន់ពេលវេលា ក្នុងករណីបើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយសត្វមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា និងមិនត្រូវជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន។

គួរបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី(H5N1) គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬស្លាប់។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។

ចំពោះវិធានការបង្ការជំងឺផ្ដាសាយបក្សី គឺត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យបានឆ្អិនល្អ៕

អត្ថបទដោយ៖ យឺន​ សីហា