បទយកការណ៍ Jul 28, 2022

ពិធីប្រគល់វិញ្ញាបនបត្រលើកទី ២១ កម្រិតថ្នាក់មត្តេយ្យ នៃសាលា AIS

image

ក្នុងនោះដែរយើងសង្គេតឃើញថា មានអាណាព្យាបាលយ៉ាងច្រើនកុះករបាននាំកូនៗ មកចូលរួមកម្មវិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ ដោយ​ទឹកមុខ​សប្បាយរីករាយ។

 អ្នកស្រី​ សោម សុវណ្ណលីនដា ដែលជាអាណាព្យាបាល បាននាំកូនមកចូលរួមកម្មវិធីនេះ បានបង្ហាញពីចំណាប់អារម្មណ៍ របស់ខ្លួនដូច្នេះថា ខ្លួនពិតជាមានក្តីរំភើប និងទទួល​បាននូវភាពកក់ក្តៅជាខ្លាំងនៅពេលដែលលោកស្រីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏សែនមានអត្ថន័យនេះ លោកស្រីបានបន្តថា ខ្លួនមាន​ការវាយតម្លៃ​ខ្ពស់​ចំពោះលោកគ្រូ អ្នកគ្រូ នៃសាលារៀន AIS ក្នុងការយកចិត្តទុកដាក់ ព្រមទាំងបានមើលថែកូនៗបានយ៉ាងល្អ។

រីឯអ្នកស្រី តង់​ ក្រឹម ដែលជាគ្រូបង្រៀន ថ្នាក់មតេ្តយ្យសិក្សានៃសាលារៀនអន្តរទ្វីប អាមេរិចកាំង សាខាទួលគោក បានលោកឡើងពីសកម្មភាព ព្រមទាំងវិធីសាស្ត្រ​ក្នុង​ពេលបង្រៀនទៅដល់កូនៗនៃអ្នកអាណាព្យាបាល យ៉ាងដូច្នេះថា ដើម្បី​បំពេញ​នូវ​តម្រូវ​ការសិក្សា​ ​និង​កា​របត់បែន​របស់​សង្គម​បច្ចុប្បន្ននេះ​ ​សាលារៀន​របស់​ខ្លួន​បាន​​បន្ត​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឱ្យ​ប្រាកដ​ថា​ ​សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ទាំងអស់​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​បទពិសោធន៍​ ​សីលធម៌​ល្អ​ ​ជាពិសេស​គឺ​សិស្ស​ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បន្ត​ការសិក្សា​បន្ត​ទៅមុខ​ទៀត​។​ 

លោក ពៅ ភក្តី ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និង បឋមសិក្សា សាលារៀនអន្តរទ្វីប​ អាមេរិកាំង បានថ្លែងថា ក្នុងនាមជាអ្នកផ្តល់ការអប់រំ មិនមែនជារឿងងាយ​ស្រួល​នោះទេ ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យទទួលបាននៅចំណេះដឹង​​ ពីរបៀបរបបក្នុងការស់នៅ ប្រកបដោយក្រមសីលធម៌ និងសុជីវធម៌  ។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោកស្រី រស់​ យ៉ាណា ប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង AIS  បានឱ្យដឹងថា  លោកស្រី​ ​មាន​ក្តី​ត្រេកអរ​ឥតឧបមា​​ដែល​កូន​ៗ​សិស្សានុសិស្ស​មាន​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះ​ដឹង​ ​និង​សមត្ថភាព​គ្រប់គ្រាន់​ ​សក្តិ​សមនឹង​ទទួល​បាន​នូវ​វិញ្ញា​បន​ប​ត្រ​បញ្ចប់​ការសិក្សា​ក​ម្រិ​តម​ត្តេយ្យ​សិក្សា​​នា​ឱកាស​នេះ​។​

កម្មវិធីប្រគល់ វិញ្ញាបនបត្រលើកទី២១ ជូនដល់សិស្ស បញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ ឆ្នាំសិក្សា២០២១.២០២២ បានប្រព្រិត្តទៅក្រោមបរិយាកាសរីករាយនិង​ស្និទ្ធស្នាល​ជា​ទីបំផុត ដែលមានការបង្ហាញសម្ថភាព ពីប្អូនៗ ធ្វើឲ្យកម្មវិធីប្រព្រិត្តទៅប្រកបដោយអត្ថន័យក្រៃលែង ។ ​

អត្ថបទដោយ៖ មាឃ ចាន់