សុខភាព Apr 07, 2024

កម្ពុជាមានអ្នកឆ្លងជំងឺអុតស្វាអឹមផក៣នាក់ទៀត សរុបកើនដល់១៧នាក់

image

មនុស្សចំនួន ៣នាក់បន្ថែមទៀត ត្រូវបានក្រសួងសុខាភិបាលរកឃើញថា បានឆ្លងជំងឺអឹមផក (ឈ្មោះដើម ជំងឺអុតស្វា) ក្នុងរយៈពេល១៥ថ្ងៃ ចុងក្រោយនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនដល់ ១៧នាក់ហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នា ក្រសួងបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺអឹមផកសរុបទាំង ១៧នាក់ គឺសុទ្ធសឹងជាបុរសទាំងអស់ មានអាយុចន្លោះពី ២០ឆ្នាំ ទៅ៤៣ឆ្នាំ ដោយរាប់ចាប់់តាំងពីពេលដែលក្រសួងបានរកឃើញករណីឆ្លងដំបូងនៅប្រទេសកម្ពុជា ពោលចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣មក។ ជាពិសេស អ្នកឆ្លងទាំង ១៧នាក់ ភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នមានអ្នកជំងឺអឹមផកចំនួន ៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយត្រូវចូលរួមស្វែងយល់នូវរបៀបចម្លង និងអនុវត្តវិធានការបង្ការឱ្យបានម៉ឺងម៉ាត់៕

អត្ថបទដោយ៖ យឺន សីហា