ព័ត៌មានជាតិ Feb 13, 2023

អ្នកទិញផ្កា និងវត្ថុអនុស្សាវរីយ៍ ហាក់ថយចុះក្នុងឱកាសទិវានៃក្តីស្រឡាញ់

image

​អ្នកស្រី​ ​សុខ​ ​ល័​ង​ ​អ្នក​លក់​ផ្កាកុលាប​ ​និង​វត្ថុ​អនុ​ស្សា​វ​រី​យ៍​មួយ​រូប​តាម​បណ្ដោយ​ផ្លូវ​២​៧​១​នៅ​ម្ដុំ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​អ្នកស្រី​បាន​បញ្ជាទិញ​ផ្កាកុលាប​ប្រមាណ​១​ ​០​០​០​ដើម​ ​ដើម្បី​ត្រៀម​លក់​ក្នុង​ឱកាស​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២​០​២​៣​នេះ​ ​អ្នកស្រី​បាន​បញ្ជាទិញ​តែ​ប្រមាណ​៥​០​០​ដើម​ប៉ុណ្ណោះ​ ​ព្រោះថា​ ​អតិថិជន​ហាក់​ថយ​ចុះ​ ​និង​មាន​អ្នក​លក់​ផ្កាកុលាប​នៅតាមផ្លូវ​ច្រើន​។​ ​ដោយឡែក​សម្រាប់​កា​ដូរ​អនុ​ស្សា​វ​រី​យ៍​វិញ​ ​អ្នកស្រី​ឱ្យ​ដឹង​ថា​ ​រាល់​ឆ្នាំ​គឺ​មាន​អ្នក​លក់​បន្ត​តាម​ខេត្ត​កក់​ទុកមុន​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ឆ្នាំនេះ​ហាក់​មិន​មាន​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​លក់​ថយ​ចុះ​ផង​ដែរ​។​
​អ្នកស្រី​ ​វ៉ា​ ​សា​ខន​ ​អ្នក​លក់​វត្ថុ​អនុ​ស្សា​វី​យ៍ ​និង​ផ្កាកុលាប​មួយ​រូប​ទៀត​នៅមុខ​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី​ ឱ្យ​ដឹង​ថា​ ​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​ឆ្នាំនេះ​ហាក់​មាន​ភាព​ចម្លែក​ច្រើន​ ​ព្រោះ​មិនមែន​មានតែ​យុវជន​ដែល​ទិញ​ផ្កា​ ​ឬ​កា​ដូ​អនុ​ស្សា​វ​រី​យ៍​ជូន​គ្នា​ប៉ុណ្ណោះ​ទេ​ ​គឺ​មានកូន​ទិញ​ជូន​ឪពុក​ ​ម្ដាយ​ ​និង​ឪពុក​ម្ដាយ​ ​ទិញ​ឱ្យ​កូន​ក៏មាន​។​ ​ជាមួយគ្នា​នេះ​ក៏មាន​ផង​ដែរ​ ​ប្តី​ទិញ​ផ្កា​ ​និង​កា​ដូរ​ជូន​ប្រពន្ធ​។​
​យ៉ាងនេះ​ក្តី​ ​អ្នក​លក់​ផ្កាកុលាប​ ​និង​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ទាំង​២​នាក់​អះអាង​ថា​ ​អតិថិជន​ដែល​សម្រុក​មក​ទិញ​ច្រើន​ ​គឺ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​តែម្ដង​ ​ប៉ុន្តែ​ឆ្នាំនេះ​មិនសូវ​មាន​អ្នកទិញ​នោះ​ទេ​ ​បើ​ប្រៀបធៀប​គឺ​ខុសគ្នា​ច្រើន​កាលពីឆ្នាំមុន​ៗ​។​

​យោង​តាម​ឯកសារ​របស់​គណៈ​កម្ម​ការស្រាវជ្រាវ​ឯកសារ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ឱ្យ​ដឹង​ថា​ ​នៅ​គ្រិស្តសករាជ​២​៦​៩​ ​មាន​គ្រិស្ត​សាសនិក​មួយ​រូប​ ​ឈ្មោះ​ ​Saint​ ​Valentine​ ​បាន​សហការ​ជាមួយ​មិត្តភក្តិ​ ​បន្ត​ជួយ​រៀបអាពាហ៍ពិពាហ៍​ដល់​គូ​ស្នេហ៍​វ័យក្មេង​ជា​សម្ងាត់​។​ ​ប៉ុន្តែ​ទង្វើ​ទាំងនេះ​ត្រូវ​បាន​គេ​រក​ឃើញ​ ​ហើយ​លោក​ ​Valentine​ ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគា​រ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ​។​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​លោក​ ​Valentine​ ​បាន​លួច​ស្រឡាញ់​នារី​វ័យ​ក្មេងម្នាក់​ ​ដែលគេ​ជឿ​ថា​ ​ជា​កូនស្រី​របស់​ឆ្មាំ​គុក​ ​ដោយសារ​នាង​ឧ​ស្សាហ៍​ចេញចូល​ ​សួរសុខទុក្ខ​ ​និង​គាំទ្រ​គាត់​។​ ​មុន​ពេល​ ​គេ​នាំ​គាត់​ទៅ​ប្រហារជីវិត​នៅ​ថ្ងៃ​ទី​១​៤​ ​កុម្ភៈ​ ​លោក​ ​Valentine​ ​បាន​សរសេរសំបុត្រ​យ៉ាង​ខ្លី​មួយ​ផ្ញើ​រ​ទៅ​នាង​ដើម្បី​បញ្ជាក់​ពី​មិត្តភាព​ ​និង​ភាព​ស្មោះត្រង់​របស់​គាត់​ចំពោះ​នាង​ដោយមាន​ចុះហត្ថលេខា​ថា​ ​«​ពី​ ​Valentine​ ​របស់​អ្នក​»​ ​។​ ​ចាប់ពី​ពេល​នោះ​មក​គឺ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ ​គឺ​តែងតែ​មានការ​ទិញ​កា​ដូ​ជូន​គ្នា​ ​ទិញ​ផ្កាកុលាប​ ​និង​មាន​ស្ករគ្រាប់​ផង​ដែរ​ ​ដើម្បី​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​ ​គោរព​ ​រាប់អាន​ដល់​លោក​ ​Valentine​ ​ដោយ​កំណត់​ឈ្មោះថា​ជា​ថ្ងៃ​ ​Valentine​ ​day​ ​។​
​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​កាលពី​ថ្ងៃ​ទី​០​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​នេះ​ ​បាន​ចេញ​សេចក្តីណែនាំ​ដោយ​ផ្ដោ​ត​សំខាន់​លើ​ចំណុច​មួយ​ចំនួន​ដូចជា​ ​ផ្សព្វផ្សាយ​ដល់​សិស្ស​គ្រប់​មធ្យោបាយ​ឱ្យ​បាន​យល់​ដឹង​អំពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ពង្រឹង​វិ​ន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ការអប់រំ​សីលធម៌​ ​ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​ ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន​ ​ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ ​ដោយ​អនុ​វត្តសកម្មភាព​ ​មិត្ត​អប់រំ​មិត្ត​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតា​បី​តា​សិស្ស​ ​និង​សហគមន៍​ដើម្បី​ទទួល​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី​ ​ដែល​ប្រព្រឹត្តិ​ដោយ​សិស្សានុសិស្ស​ ​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​៕