ព័ត៌មានជាតិ Jan 17, 2023

ម៉ុងសាយ ដល់រដូវកាលត្រូវប៉ាន់

image

​ប្រធាន​ក្រុម​ម៉ុង​សាយ​ច្បារអំពៅ​ ​ក្រុម​៤​ ​លោក​ ​សុខ​ ​ឧត្តម​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ជាទូទៅ​សមាជិក​ក្រុម​របស់​លោក​ចាប់ផ្ដើម​ប្រមូលគ្នា​ហ្វឹកហាត់​ចាប់ពី​ខែកញ្ញា​មក​ ​ដើម្បី​ត្រៀម​ទទួល​ពិធី​បែប​ចិន​ផ្សេង​ដែលគេ​ជួល​ទៅ​សម្ដែង​។​តែ​ទោះជាយ៉ាងណា​លោក​ថា​ ​រដូវ​កាលដែល​ត្រូវ​សម្ដែង​ច្រើន​គឺ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ​ ​ព្រោះថា​ ​មាន​ភ្ញៀវ​បាន​មក​អញ្ជើញ​ឱ្យ​ទៅ​ជាបន្តបន្ទាប់​មិនថា​មុន​ ​ឬ​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម​នោះ​ទេ​។​ ​លោក​បន្ត​ថា​ ​សមាជិក​របស់​លោក​ហាត់​ជា​រៀងរាល់ថ្ងៃ​តែ​ហាត់​រយៈ​ខ្លី​ពោល​គឺ​រយៈពេល​១​ម៉ោង​នៅ​ពេលល្ងាច​ប៉ុណ្ណោះ​ ​ពោល​គឺ​បន្ទាប់ពី​ចប់​ការងារ​ចិញ្ចឹមជីវិត​។​ ​លោក​ឱ្យ​ដឹង​ទៀត​ថា​ ​ក្រុម​របស់​លោក​ ​គឺ​អា​ចចេញ​សម្ដែង​ទៅ​ទូទាំង​ប្រទេស​ឱ្យ​តែ​មាន​អ្នក​អញ្ជើញ​ ​ព្រោះ​ក្រុម​របស់​លោក​​​មានបាន​ស្នើសុំ​តាម​ផ្លូវច្បាប់​ត្រឹមត្រូវ​។​

​ចំពោះ​គ្រោះថ្នាក់​ពេល​ហ្វឹកហាត់​និង​សម្ដែង​វិញ​ ​លោក​ ​សុខ​ ​ឧត្តម​ ​បញ្ជាក់​ថា​ ​គឺ​មាន​តិចតួច​បំផុត​ពោល​គឺ​មានតែ​ពេល​ហ្វឹកហាត់​ដែល​ថា​ ​នៅពេលដែល​ចេញ​សម្ដែង​គឺ​ត្រូវ​ប្រាកដ​ថា​ ​មិន​មានការ​គ្រោះថ្នាក់​ ​ឬ​ខុស​បច្ចេកទេស​។​ ​តែ​ទោះជាយ៉ាងណា​លោក​បញ្ជាក់​ថា​ ​ពេល​ដែល​មានគ្រោះថ្នាក់​មិនដែល​ដល់​ថ្នាក់​ស្លាប់​នោះ​ទេ​ ​គឺ​មានត្រឹមតែ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ​។​
​តែ​ទោះ​យ៉ាងណា​ ​លោក​ ​សុខ​ ​ឧត្តម​ ​មិនបាន​បញ្ជាក់​ថា​ ​ទទួល​បាន​ប្រាក់​ប៉ុន្មាន​ ​ដោយ​គ្រាន់តែ​ឱ្យ​ដឹង​ថា​ ​គឺ​ទទួល​បាន​សមរម្យ​បើ​ធៀប​ជាមួយ​កម្លាំង​ ​និង​ពេលវេលា​ដែល​ហ្វឹកហាត់​ ​និង​សម្ដែង​។​

​បើ​តាម​លោក​ ​សុខ​ ​ឧត្តម​ ​ក្រុម​ម៉ុង​សាយ​ ​ច្បារអំពៅ​៤​នេះ​បាន​ហ្វឹកហាត់​៣​ជំនាន់​មក​ហើយ​ ​គឺ​តាំង​ជំនាន់​គ្រូ​តា​ ​និង​ ​លោកគ្រូ​របស់​លោក​ ​និង​លោក​ដែល​កំពុង​ដឹកនាំ​ហ្វឹកហាត់​។​
​យោង​តាម​ឯកសារ​​​ដែល​ចងក្រង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ​ប្រភព​ដើម​នៃ​របាំ​សត្វ​តោ​ ​ឬ​ម៉ុង​សាយ​នេះ​ ​ត្រូវ​បាន​បែងចែក​យ៉ាង​ទូលំទូលាយ​ ​ប៉ុន្តែ​មតិ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​គឺ​ ​ក្នុង​វប្បធម៌​ ​ប្រពៃណី​ចិន​ ​សត្វ​តោ​ ​គឺ​ប្រៀប​បាន​ដូចជា​សត្វ​នាគ​អីចឹង​ ​គឺជា​សត្វ​ដែល​កើតមាន​តែ​ក្នុង​ទេវកថា​ប៉ុណ្ណោះ​ ​ពោល​គឺ​គ្មាន​សត្វ​តោ​នៅ​ក្នុង​ប្រទេស​ចិន​ឡើយ​។​ ​នៅមុន​សម័យ​រាជវង្ស​ហាន​ (​ឆ្នាំ​២​០​២​ ​មុន​គ្រិះ​សករាជ​ ​ដល់​២​២​០​ក្រោយ​គ្រិះ​សករាជ​) ​មាន​សត្វ​តោ​ប៉ុន្មាន​ក្បាល​ប៉ុណ្ណោះ​ ​ដែល​បាន​មកដល់​តំបន់​ភាគ​ខាងលិច​ប្រទេស​ចិន​បុរាណ​ដោយសារតែ​ការ​ធ្វើជំនួញ​សូត្រ​។​ ​នៅ​ពេល​នោះ​មនុស្ស​បាន​ធ្វើត្រាប់​តាម​រូបរាង​ ​និង​សកម្មភាព​នៃ​សត្វ​តោ​ ​ដែល​ទើប​មកដល់​ថ្មីៗ​ ​នៅ​ក្នុង​ការ​សម្ដែង​រហូត​បង្កើត​បានជា​របាំ​សត្វ​តោ​ ​នៅ​ក្នុង​សម័យកាល​ន​គ​រទាំង​៣​ (​២​២​០​-​២​៨​០​) ​។​ ​ក្រោយមក​វា​បាន​ក្លាយ​ជា​ការ​ពេញ​និយម​នៅ​ក្នុង​សម័យ​រាជវង្ស​ខាងជើង​ ​និង​ខាងត្បូង​ (​៤​២​០​-​៥​៨​៩​)​។​ ​រហូតដល់​សម័យ​រាជវង្ស​ថា​ង​ (​៦​១​៨​-​៩​០​៧​) ​របាំ​តោ​បាន​ក្លាយ​ជា​របាំ​មួយ​ក្នុង​សាល​រាំ​៕