ព័ត៌មានអន្តរជាតិ Feb 22, 2023

កូរ៉េខាងជើងថា ជំនួយពីខាងក្រៅគឺជា «ស្ករគ្រាប់ពុល» ខណៈប្រទេសកំពុងជួបវិបត្តិស្បៀង

image

ប្រភពរូបភាព៖ NBC News & WFP

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ប្រទេស​កូរ៉េ​ខាងជើង​ ​បាន​ទទួលរង​នូវ​កង្វះខាត​ស្បៀងអាហារ​យ៉ាង​ធ្ងន់ធ្ងរ​ ​ក្រោយ​ជួបប្រទះ​គ្រោះ​ទឹកជំនន់​ ​ព្យុះ​ទី​ហ្វុ​ង​ ​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ​ដែល​មាន​គោលបំណង​ទប់​ស្កាត់​កម្មវិធី​នុយ​ក្លេអ៊ែ​រ​ ​ក៏ដូចជា​ការ​កាត់បន្ថយ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ ​ដោយសារតែ​ការ​បិទ​ព្រំដែន​ទាក់ទង​នឹង​ជំងឺរាតត្បាត​។​

​ទោះជាយ៉ាងណា​ ​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​មួយ​ ​កាសែត​ ​Rod​on​g​ ​Sin​mun​ ​របស់​គណបក្ស​កាន់អំណាច​ ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ទទួល​ជំនួយសេដ្ឋកិច្ច​ពី​ ​«​របប​ចក្រពត្តិ​និយម​»​ ​ដោយ​អះអាង​ថា​ ​ជំនួយ​ទាំងនោះ​ ​នឹង​គ្រាន់តែ​ជា​អន្ទាក់​ដើម្បី​ប្លន់​ ​និង​បង្ក្រាប​ប្រទេស​ដែល​ទទួល​ ​និង​ជ្រៀតជ្រែក​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ពួកគេ​ប៉ុណ្ណោះ​។​

​សេចក្តី​អត្ថាធិប្បាយ​ដដែល​ ​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ ​«​វា​គឺជា​កំហុស​មួយ​ក្នុង​ការ​ព្យាយាម​ជំរុញ​សេដ្ឋកិច្ច​ដោយ​ការ​ទទួលយក​ ​និង​ទទួលទាន​ស្ករគ្រាប់​ពុល​ទាំងនេះ​»​។​

​យោង​តាម​សារ​ព័ត៌មាន​ CN​A​ ​អត្ថបទ​នេះ​ ​ត្រូវ​បាន​ចេញផ្សាយ​ខណៈ​ពេល​ទីភ្នាក់ងារ​សារ​ព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​អ្នកទោស​ប្រហែល​៧​០​០​នាក់​នៅ​ពន្ធ​នាគា​រ​ជនបទ​ចំនួន​៣​ ​រួម​ទាំង​នៅ​ក្រុង​ K​a​echo​n ​បាន​ស្លាប់​ដោយសារ​ទុរ្ភិក្ស​ ​និង​ជំងឺ​ ​ក្នុងរយៈពេល​២​ឆ្នាំ​កន្លងមក​។​

​យ៉ាងណាមិញ​ ​ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេអ៊ូល​ដែល​គ្រប់គ្រង​កិច្ចការ​អន្តរ​កូរ៉េ​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ​ ​ប៉ុន្តែ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​មានការ​កើន​ឡើង​ថ្មីៗ​នៃ​ការ​ស្លាប់​ដោយសារ​ភាព​អត់ឃ្លាន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​កូរ៉េ​ខាងជើង​។​

​មន្ត្រី​ក្រសួង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យ៉ាង​ដូច្នេះ​ ​«​ផលិតកម្ម​ស្បៀង​បាន​ធ្លាក់ចុះ​ធៀប​នឹង​ឆ្នាំមុន​ ​ហើយ​មានលទ្ធភាព​នៃ​បញ្ហា​ចែកចាយ​ ​ដោយសារ​ការផ្លាស់ប្តូរ​គោល​នយោបាយ​ផ្គត់ផ្គង់​ ​និង​ចែកចាយ​អាហារ​របស់​ពួកគេ​»​។​

​គួរ​ជម្រាប​ថា​ ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជនបទ​របស់​កូរ៉េ​ខាងត្បូង​ ​កាលពី​ខែ​ធ្នូ​ ​បាន​ប៉ាន់ប្រមាណ​ថា​ ​ផលិតកម្ម​ដំណាំ​របស់​កូរ៉េ​ខាងជើង​មាន​ប្រហែល​៤​,​៥​ន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ធ្លាក់ចុះ​៣​,​៨​ភាគរយ​ពី​ឆ្នាំ​២​០​២​១​ ​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវក្តៅ​ ​និង​លក្ខខណ្ឌ​អាកាសធាតុ​ផ្សេងទៀត​៕​