សង្គម Feb 07, 2023

អ្នកប្រកបរបរជួសជុលចង្ក្រាននៅក្នុងឃុំតាជេស ខេត្តកំពង់ឆ្នាំងរស់នៅប្រមូលផ្ដុំគ្នាស្ទើរដូចភូមិមួយ

image

លោក​ ​ឯម​ ​វណ្ណា​ ​អ្នក​ប្រកបរបរ​ជួសជុល​ចង្ក្រាន​ហ្គា​ស​ ​និង​កង្ហារ​មួយ​រូប​ ​ដែល​រស់នៅ​ក្នុង​ភូមិ​តា​ជេ​ស​ ​បាន​ប្រាប់​ ​M​JQ​T​V​ថា​ ​លោក​ទើប​តែ​ប្រកបមុខរបរ​នេះ​ប្រមាណ​៥​ទៅ​៦​ខែ​ប៉ុណ្ណោះ​ ​ខណៈ​ដែល​អ្នក​នៅ​ក្នុង​ភូមិ​ ​ប្រកបរបរ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​។​ ​លោក​បន្ត​ថា​ ​មូលហេតុ​ដែល​លោក​ដូរ​ពី​ធ្វើការ​ឱ្យ​គេ​មក​ប្រកបរបរ​ជា​អ្នក​ជួសជុល​ចង្ក្រាន​ហ្គា​ស​ ​និង​កង្ហារ​នេះ​ ​ព្រោះថា​ ​ចំណូល​ហាក់​បាន​ច្រើនជាង​ធ្វើការ​ឱ្យ​គេ​ ​ហើយ​លោក​ចង់​ទៅ​ពេលណាក៏បាន​ ​មិន​ចាំបាច់​ទៀង​ម៉ោង​ទៀងពេល​ដូច​ធ្វើការ​ឱ្យ​គេ​នោះ​ទេ​។​ ​លោក​ឱ្យ​ដឹង​ទៀត​ថា​ ​សម្ភារសម្រាប់​ជួសជុល​ ​និង​ផ្លាស់ប្តូរ​ ​លោក​ត្រូវ​ទៅ​ទិញ​ពី​ប្រទេស​វៀតណាម​ ​ពោល​ពេល​ដែល​ធ្វើដំណើរ​ទៅ​ជួសជុល​ដល់​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​លោក​ឆ្លង​ចូល​ទៅ​ទិញ​បន្ថែម​តែម្ដង​។​

​បើ​តាម​លោក​ ​ឯម​ ​វណ្ណា​ ​ពេលព្រឹក​ឡើង​ក្រុម​របស់​លោក​ ​ត្រូវ​ចែក​ផ្លូវ​គ្នា​ទៅ​រក​ម៉ូយ​តាមផ្លូវ​ផ្សេងៗ​គ្នា​ ​មាន​អ្នកខ្លះ​វិលមកវិញ​ពេលល្ងាច​ ​ប៉ុន្តែ​មាន​អ្នកខ្លះ​ត្រូវ​សម្រាក​នៅ​តាម​វត្ត​ ​ឬ​ទី​សាធារណៈ​នានា​ដើម្បី​បន្ត​ដំណើរ​ទៅ​កន្លែងផ្សេង​ទៀត​នៅ​ថ្ងៃ​ថ្មី​ ​ដែល​ក្នុង​នោះ​លោក​ឱ្យ​ដឹងផង​ដែរ​ថា​ថ្ងៃ​ណា​ដែល​សំបូរ​អ្នក​យកមក​ជួសជុល​គឺ​អាច​​​រក​ប្រាក់​បានជា​ង​១​០​ម៉ឺន​រៀល​ ​ប៉ុន្តែ​ថ្ងៃ​ខ្លះ​គឺ​ស្ទើរតែ​រក​ប្រាក់​ចាក់សាំង​ម៉ូតូ​មិនបាន​។​

ទាក់ទង​ករណី​នេះ​មេ​ប៉ុស្តិ៍​រដ្ឋបាល​តា​ជេ​ស​ ​លោក​ ​ហ៊ុំ​ ​សុខ​ចាន់​ ​បាន​ឱ្យ​ដឹង​ថា​ក្នុង​ភូមិ​តា​ជេ​ស​ពិតជា​មាន​អ្នក​ប្រកបរបរ​ជួសជុល​ស​ង្ក្រា​ន​ហ្គា​ស​ ​និង​កង្ហារ​ពិតប្រាកដ​មែន​ ​ដែល​កាលពី​ប្រមាណ​៤​ឆ្នាំមុន​មាន​ប្រមាណ​តែ​៤​គ្រួសារ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ពេលនេះ​មាន​រាប់​សិប​គ្រួសារ​​​ដែល​ជា​កូន​ ​ចៅ​ ​របស់​អ្នក​ទាំង​៤​គ្រួសារ​នោះ​ហើយ​ចេះ​ចំ​នា​ញ​នេះ​ត​ៗ​គ្នា​មក​ ​៕