ក្នុងពិធីចុះអនុស្សារណៈរវាងមូលនិធិ ម៉េងលី ជេ. គួច ជាមួយពុទ្ធិកសកលវិទ្យាល័យសីហនុរាជ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា នៅកម្ពុជាមានមនុស្សវ័យចំណាស់ជាច្រើននាក់ ក្នុងនោះនារីក៏មានចំនួនច្រើនជាងបុរស ដែលនារីទាំងអស់នោះគឺភាគច្រើនបានឆ្លងកាត់របបខ្មែរក្រហម។
លោកបន្តថា បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ គឺបុរសត្រូវបានសម្លាប់ភាគច្រើនដែលធ្វើឱ្យនារីត្រូវមានតួនាទី២ គឺជាម្ដាយផង ជាឪពុកផង ក្នុងការចិញ្ចឹមកូនចៅនិងធ្វើការដើម្បីអភិវឌ្ឍន៍សង្គម។ លោកបន្ថែមថា «តាតា ស្លាប់ស្ទើរអស់ហើយពីជំនាន់ហ្នឹងនោះ (ជំនាន់ខ្មែរក្រហម) សល់ច្រើនតែនារីៗទេ ធ្វើម្ដាយផង ធ្វើឪពុកផង ធ្វើមេទ័ពផង ធ្វើគ្រប់មុខ ច្បាំងផង ហើយ ពេលចាស់ជរា នៅម្នាក់ឯងគឺពិតជាពិបាកណាស់ គាត់គឺជាវីរនារីនៅជំនាន់៧៩ ដែលចេញពីខ្មែរក្រហមមក គ្មាននរណាកសាងជាតិដោយគ្មានពួកគាត់នោះទេ»។
ករណីនេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា គឺលោក តូច ចាន់នី មានប្រសាសន៍ថា បច្ចុប្បន្ន មនុស្សចាស់មិនថាស្ត្រីឬបុរសនោះទេ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោយក្រសួងសង្គមកិច្ចកំពុងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សចាស់វ័យចាប់ពី៦០ឆ្នាំឡើងទៅ ដោយក្នុងនោះមានជំនួយពីកម្មវិធីជំនួយសង្គមនិងកាកបាទក្រហមជាដើម។ លោកបន្តថា បច្ចុប្បន្នមនុស្សវ័យចាស់នេះគឺមានប្រមាណ៨,៩%នៃប្រជាពលរដ្ឋប្រជាពលរដ្ឋខ្មែរទាំងអស់ ។
បើតាមអ្នកឧញ៉ា គួច ម៉េងលី មូលនិធិ ម៉េងលី ជេ. គួច ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ស្ត្រីជាច្រើនរូបផងដែរ ដើម្បីតបស្នងនូវអ្វីដែលគាត់បានធ្វើដើម្បីជាតិ មាតុភូមិ៕
អត្ថបទ៖ រតនៈ