ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅថ្ងៃនេះ បានផ្ដោតសំខាន់លើចំណុចមួយចំនួនដូចជា ផ្សព្វផ្សាយដល់សិស្សគ្រប់មធ្យោបាយឱ្យបានយល់ដឹងអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់លើការអប់រំសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ ជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត ទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបីតាសិស្ស និងសហគមន៍ដើម្បីទទួលព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តិដោយសិស្សានុសិស្សជាដើម។
ករណីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានប្រាប់ MJQTV ថា ជាការល្អដែលក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំបែបនេះ ប៉ុន្តែ យុវជនគឺមិនអាចចាប់បង្ខំឱ្យធ្វើតាមនោះទេ គឺត្រូវតែបង្ហាត់បង្រៀនពីកុមារ ប៉ុន្តែបើមិនដែលមានការបង្ហាញ ឬបង្រៀននោះទេ ហើយពេលដែលមានការអប់រំអំពីសីលធម៌តែមិនមានប្រសិទ្ធភាព គឺឥរិយាបថ អាកប្បកិរិយា ដែលធ្លាប់មាន គឺនៅតែមាន ពោលគឺគ្រាន់តែធ្វើតាម និងគោរព តែនៅពីមុខអ្នកអាណាព្យាបាល ឬលោកគ្រូ អ្នកគ្រូតែប៉ុណ្ណោះ លុះពេលនៅខាងក្រៅគឺមិនធ្វើតាមនោះទេ។ លោកបានលើកយកការអប់រំ និងវិន័យក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌភាសាអេ អាយ អាយ(Aii)មកបញ្ជាក់ថា « សាលាយើង (សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌភាសា អេ អាយ អាយ(Aii) យើងធ្វើបានល្អ ក្នុងការមើលខុសត្រូវ ណែនាំ ហើយច្បាប់តឹងតែងទាក់ទងនឹងរឿងខុស មិនប្រក្រតី និងសីលធម៌អស់ហ្នឹង» ។
លោកក៏ចង់ឱ្យយុវជន សិស្សានុសិស្ស យល់ថា ថ្ងៃទិវានៃក្តីស្រឡាញ់ហ្នឹងគឺ ស្រឡាញ់ឪពុកម្ដាយ ស្រឡាញ់បងប្អូន និងចាស់ទុំ។ ហើយលោកសង្ឃឹមថា ឪពុកម្ដាយ អ្នកអាណាព្យាបាលសិស្សនឹងមើលថែកូនបានល្អ យកចិត្តទុកដាក់ ជាពិសេសនៅក្នុងពេលកូនចៅកំពុងពេញវ័យ ព្រោះជាវ័យដែលកំពុងតែចង់សាក ចង់ដឹង។
លោកបន្ថែមថា ប្រសិនមានការណែនាំល្អ ហើយច្បាប់ទម្លាប់មានត្រឹមត្រូវនោះ នឹងកាត់បន្ថយបានច្រើននូវទង្វើមិនសមរម្យនានាក្នុងឱកាសទិវានៃក្តីស្រឡាញ់នេះ។
បើតាមអ្នកឧកញ៉ា មើលឃើញថា នាពេលបច្ចុប្បន្ននៅទូទាំងពិភពលោកគឺឱ្យតែថ្ងៃទី១៤ កុម្ភៈ ដែលជាថ្ងៃប្រារព្ធទិវានៃក្តីស្រឡាញ់គឺធ្វើឱ្យយុវជនប្រព្រឹត្តខុសប្រពៃណីច្រើន៕