ប្រភពរូបភាព៖ The Business Times
គួរជម្រាបថា ប្រទេសកោះដែលមានប្រជាជនចំនួន២២លាននាក់នេះ កំពុងជាប់គាំងនៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាង៧ទសវត្សរ៍ បង្កឡើងដោយកង្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ដែលបានបង្ខំឱ្យប្រទេសប្រកាសផ្អាកការសងបំណុលបរទេសកាលពីខែមេសា ឆ្នាំ២០២២។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដឹកជញ្ជូន លោក Bandula Gunawardana បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសស្រីលង្កា នឹងបន្តសងប្រាក់កម្ចីពហុភាគីពីអង្គការមួយចំនួន រួមទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ខណៈការទូទាត់សងប្រាក់នឹងរួមបញ្ចូលការសងចំនួន២ពាន់លានដុល្លារ និងការទូទាត់ការប្រាក់ចំនួន៥៤០លានដុល្លារអាមេរិក។
បើតាមលោក Gunewardana ការទូទាត់សងវិញក៏នឹងរួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន៧០៩លានដុល្លារនៅក្នុងប័ណ្ណបំណុលអភិវឌ្ឍន៍របស់ស្រីលង្កាដែលតំណាងដោយប្រាក់ដុល្លារ និង ៤៦លានដុល្លារនៅក្នុងការទូទាត់ការប្រាក់។
កាលពីខែកញ្ញាឆ្នាំមុន ប្រទេសស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយសម្រាប់កញ្ចប់ថវិកាសង្គ្រោះចំនួន២,៩ពាន់លានដុល្លារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ុន្តែត្រូវរៀបចំបំណុលរបស់ខ្លួនឱ្យបានត្រឹមត្រូវជាមុនសិន មុនពេលការបញ្ចេញកញ្ចប់ជំនួយអាចចាប់ផ្តើមបាន។
លោក Gunawardana បានបន្តយ៉ាងដូច្នេះ «ការពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ គឺកំពុងស្ថិតនៅដំណាក់កាលចុងក្រោយហើយ ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ចប់ទេ ដូច្នេះនេះគឺជាការចាំបាច់ដែលហិរញ្ញវត្ថុសាធារណៈត្រូវបានដោះស្រាយដោយប្រុងប្រយ័ត្ន»៕