យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្នាក់ជាតិឆ្នាំ២០២២នេះ ប៉ុន្តែអនុញ្ញាតឱ្យបណ្តារាជធានី-ខេត្តទូទាំងប្រទេសធ្វើតាមខេត្តរៀងខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកថ្នាក់ជាតិ កម្ពុជាបានសម្រេចផ្អាកការប្រារព្ធបីឆ្នាំជាប់គ្នាមកហើយ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ មូលហេតុដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងនៅឆ្នាំ២០២២នេះ។
ដ្បិតការប្រណាំងទូក-ងថ្នាក់ជាតិបានផ្អាករយៈពេល៣ឆ្នាំហើយក្តី ប៉ុន្តែទូក-ងមួយចំនួនបានផ្អាកយកទៅប្រណាំងច្រើនឆ្នាំជាងនេះក៏មាន។
សំរែករាជសីហ៍ គឺជាទូក-ងមួយរបស់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កសាងឡើងក្នុងអំឡុងឆ្នាំ២០០០ មានចំណុះកីឡាករ៧២នាក់។ លោក ថាច់ ម៉ៅ អតីតគណៈកម្មការទូកមួយរូប បានប្រាប់អ្នកសារព័ត៌មានថា ចាប់ពីទូកខ្នាតវែងនេះកសាងរួចរាល់គឺបានចូលរួមប្រកួតជារៀងរាល់ឆ្នាំ ហើយទទួលចំណាត់ថ្នាក់ល្អរហូត។ លោកបន្ថែមថា ក្រោយពីព្រះតេជព្រះគុណ ហ៊ុល សុវណ្ណ អតីតព្រះគ្រូចៅអធិការវត្តសុគតនៅឆ្នាំ២០១៦ ទូក-ងសំរែករាជសីហ៍ បានផ្អាកចូលរួមប្រកួត ហើយធ្វើឱ្យទូកកាន់តែចាស់ បើទោះជាមានរោងដាក់ទូកត្រឹមត្រូវមែន។ លោកបន្ថែមថា «វាអាចដែរ ប្រសិនបើគ្មានសប្បុរសជនមកឧបត្ថម្ភជួយវាអាចមហន្តរាយដែរ។ ឈើទុកយូរវាអាច បើយើងទុកយូរ គ្មានថ្នាំបាញ់ការពារមេរោគវាស៊ីឈើ វាពុកខូច។ តាំងពីហ្នឹងមក(ចៅអធិការសុគត)យើងមិនដែលលាបថ្នាំអីសោះ។ កាលពីមុន ១ឆ្នាំលាបម្ដង ចាប់ផ្តើមដាក់បិណ្ឌគឺយើងចាប់ផ្ដើមលាបថ្នាំហើយ»។
ព្រះសិរីកោសល សុំ សុខា ចៅអធិការវត្ត ភ្នៀត សិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មានសង្ឃដីកាថា ទូក-ងនៅក្នុងវត្តសិម្ពលីមាន៣គ្រឿង និង១គ្រឿងផ្សេងទៀតគឺជាទូកដែលគេយកមកផ្ញើក្នុងរោងជាមួយគ្នា។ ព្រះតេជព្រះគុណមានសង្ឃដីកាបន្តថា ក្នុងចំណោមទូកទាំង៣គ្រឿងនោះ គឺរាល់ឆ្នាំគណៈកម្មការទូកយកទៅប្រណាំងតែ២គ្រឿងនោះទេ ព្រោះ១គ្រឿងទៀតមានវ័យចាស់ ប៉ុន្តែក្នុងឆ្នាំដែលរាជរដ្ឋាភិបាលសម្រេចផ្អាក ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ព្រះតេជព្រះគុណមិនបានបញ្ជូនទូកទៅប្រណាំងនៅខេត្តណាផ្សេងឡើយ។
រោងតម្កល់ទូកក្នុងវត្តភ្នៀតសិម្ពលីធ្វើអំពីឥដ្ឋប្រក់ក្បឿងនិងមានដែកដាក់ជាសំណាញ់ការពារដើម្បីរក្សាគុណភាពទូកពីការខូចខាតដោយអាកាសធាតុ។ ករណីគុណភាពទូកវិញ ព្រះតេជព្រះគុណ សុំ សុខា មានសង្ឃដីកាថា «អ្នកបច្ចេកទេសទូកគាត់តែងតែទៅថែទាំ ទៅមើល ២-៣ខែចុះទៅមើលម្ដង ទៅមើលសាច់ទូក សាច់អីទៅដូចជាមិនទាន់មានបញ្ហាពុកផុយឬក៏ខូចអីនោះទេ ហ្នឹងហើយដូចត្មា(ខ្ញុំ)បញ្ជាក់អ៊ីចឹងទាល់តែចុះទូកទើបដឹងថាខូចកន្លែងណា វាជ្រាប វាលិច ហើយល្បឿនរបស់ទូកហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចទាល់តែបានចុះទឹកបានដឹង»។
បើទោះជាមិនមានការរៀបចំប្រណាំងទូក-ងថ្នាក់ជាតិក្តី ប៉ុន្តែការប្រណាំងនៅតាមខេត្តនានានៅតែមាន។ ក្នុងកំលុងពេលសម្រាកពីការហ្វឹកហាត់ដើម្បីត្រៀមប្រកួតនៅខេត្តកណ្ដាល លោក ឆឹង គឹមលុយ កីឡាករទូក-ង មុន្នីសុវណ្ណសរ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានប្រាប់អ្នកសារព័ត៌មានថា បើទោះជាមិនមានព្រះរាជពិធីបុណ្យអុំទូកជាច្រើនឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២២នេះ លោកនិងកីឡាករផ្សេងទៀតដែលជាចំណុះទូក បានជួបជុំគ្នាហ្វឹកហាត់ ត្រៀមប្រកួតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ បុរសមាឌក្រអាញ សប្បុរខ្មៅរូបនេះឱ្យដឹងថា ២ឆ្នាំមកហើយ គឺទូក-ងមុន្នីសុវណ្ណសរ មិនបានចេញទៅអុំប្រណាំងនៅទីណានោះទេ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ដូចនេះការប្រមូលផ្ដុំដើម្បីហ្វឹកហាត់ឡើងវិញនៅឆ្នាំ២០២២នេះ គឺហាក់មានការលំបាកបន្តិច ប៉ុន្តែដោយការស្រឡាញ់និងមិនចង់ឱ្យបាត់បង់កីឡាបែបប្រពៃណីមួយនេះ ទើបក្រុមកីឡាករដែលជាពុទ្ធបរិស័ទជើងវត្ត ខិតខំប្រមូលគ្នាហ្វឹកហាត់បន្ទាប់ពីប្រកបរបរចិញ្ចឹមជីវិត។ លោក ឆឹង គឹមលុយបន្ថែមថា «បាទ ខ្ញុំសង្ឃឹមមុតមាំថា ទៅឆ្នាំក្រោយទៀតបំប៉នចំណុះ(កីឡាករ)ឱ្យហាត់បន្ថែមទៀត ជាពិសេសលោកគ្រូដែលបង្ហាត់ជើងចង្វារថ្មី ឬក៏ការអុំឱ្យស្រុះគ្នា ស្ដាប់កាដង់ឬចង្វាក់អីផ្សេងៗ»។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រារព្ធឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃ១៤កើត ដល់ថ្ងៃ១រោច ខែកត្តិក។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក៏បានផ្អាកប្រារព្ធរយៈពេល៣ឆ្នាំជាប់ៗគ្នាដូចនេះផងដែរ គឺឆ្នាំ២០១១ ២០១២ និងឆ្នាំ២០១៣ បន្ទាប់ពីមានព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពាននៅកោះពេជ្រ ដែលបណ្តាលឱ្យមានមនុស្សជាច្រើនរយនាក់បានស្លាប់និងរបួសផងដែរ។
ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលសម្រេចឱ្យតាមខេត្តនានាអាចរៀបចំការប្រណាំងតាមពេលវេលានិងកន្លែងផ្សេងគ្នា ក្នុងនោះខេត្តកណ្ដាលរៀបចំនៅថ្ងៃទី២២និងទី២៣ ខែតុលា ខេត្តបាត់ដំបងរៀបចំកាលពីកាលពីថ្ងៃ៩និងទី១០ ខែតុលា ខេត្តព្រៃវែងរៀបចំនៅថ្ងៃទី១៥និងទី១៦ ខែតុលា ខេត្តកំពង់ចាមរៀបចំនៅថ្ងៃទី១០ ខែតុលា ខេត្តពោធិ៍សាត់រៀបចំនៅថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែតុលា ខេត្តក្រចេះរៀបចំនៅថ្ងៃទី២២ ខែតុលា ខេត្តស្វាយរៀងរៀបចំនៅថ្ងៃទី២៩និងទី៣០ ខែតុលា ជាដើម។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណារ៉ា មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំក្នុងសម័យអង្គរ ប៉ុន្តែពិធីបុណ្យបែបទំនៀមទម្លាប់នៃរាជវាំងមួយនេះបានផ្លាស់ប្តូរមកប្រារព្ធនៅចុងឆ្នាំវិញ គឺនៅពេលដែលកម្ពុជាបានផ្លាស់ប្តូររាជធានីមកចតុមុខ។ លោកសាស្ត្រាចារ្យបន្តថា «ពិធីបុណ្យនេះក៏ជាពិធីបង្ហាញពីភោគផល ដែលទាក់ទងជាមួយនឹងរបស់របរ ឬក៏ផលិតផល ឬក៏អ្វីដែលប្រជាជនយើងផលិតបានយកមកតាំង អ៊ីចឹងហើយបានពិធីនេះមាន តែងមានមួយទៀតគេហៅថា តាំងតុ អ្នកជំនាន់ថ្មីនេះមិនដែលស្គាល់ទេ។ តាំងតុហ្នឹងគឺមានន័យថាពិធីហ្នឹងមានដាក់របស់របរអីដើម្បីឱ្យប្រជាជនមកចូលរួមហ្នឹងបានឃើញ បានដឹង តាមខេត្តនីមួយៗ ហ្នឹងនៅសម័យមុន»។
សម្រាប់ការផ្លាស់ប្តូរឱ្យរៀបចំពិធីនេះនៅតាមខេត្តវិញ លោកសាស្ត្រាចារ្យយល់ឃើញថាគឺជារឿងល្អ ព្រោះថាខេត្តនីមួយៗមានឱកាសដាក់បង្ហាញផលិតផលផ្សេងៗនិងមានម្ចាស់ការខ្លួនឯងដើម្បីរៀបចំពិធីនេះរៀងៗខ្លួន។
លោក សំបូរ ម៉ាណារ៉ា បន្ថែមថា «ពីដើម យើងមានគំនិតឱ្យរៀបចំធ្វើនៅរាជធានីភ្នំពេញដើម្បីឱ្យយើងបានជួបជុំគ្នា ការចំណាយយ៉ាងម៉េចដែរ? ការលំបាកយ៉ាងម៉េចដែរ? តាំងពីចរាចរណ៍ តាំងពីអី យើងមើលឃើញហើយ តាំងពីសំរាម ទាំងអីយើងមើលឃើញហើយនៅរាជធានីភ្នំពេញរបស់យើង ពេលបុណ្យអុំទូកម្ដងៗ តែលោក(នាយករដ្ឋមន្ត្រី)អនុញ្ញាតឱ្យធ្វើនៅខេត្តនីមួយៗដើម្បីធ្វើការប្រឡងប្រណាំងគ្នាទៅ។ សម្រាប់ខ្ញុំ ការធ្វើរបៀបនេះ គឺដើម្បីឱ្យអ្នកទាំងឡាយយល់ដឹងឱ្យបានសព្វគ្រប់ គ្រប់ទីកន្លែង ព្រោះនៅខេត្តនីមួយៗលោកមានទីតាំងរបស់លោកដើម្បីរៀបចំទៅ ហើយធ្វើបង្កលក្ខណៈឱ្យប្រជាជនលោកបានសប្បាយ ប្រកាន់ភ្ជាប់ជាមួយប្រពៃណីទំនៀមទម្លាប់ហ្នឹងទៅ។ អ៊ីចឹងបើបែបនេះមែនមិនមានបញ្ហាអ្វីដែលធ្វើឱ្យបាត់បង់ប្រពៃណីអ្វីនោះឡើយ»។
អត្ថបទ៖ រតនៈ