ប្រភពរូបភាព៖ NBC News
សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើងពាសពេញរដ្ឋធានី នៅពេលលោក ចូ បៃដិន កំពុងដើរជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ក្នុងកំលុងពេលទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីកងទ័ពរុស្ស៊ីបើកប្រតិបត្តិការណ៍យោធាពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
នៅគេហដ្ឋានផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែន គឺវិមាន Mariinsky លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះ «មួយឆ្នាំក្រោយមក រដ្ឋធានីគៀវនៅតែរឹងមាំ អ៊ុយក្រែននៅតែឈរ ប្រជាធិបតេយ្យក៏នៅតែមានដដែល»។ លោកបានបន្ថែមថា «ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គិតថាអ៊ុយក្រែនខ្សោយ ហើយលោកខាងលិចត្រូវបានបែកបាក់។ គាត់គិតថា គាត់អាចយកឈ្នះពួកយើងបាន» ប៉ុន្តែសង្គ្រាមនេះ លោក ពូទីន កំពុងតែបរាជ័យហើយ។
ប្រភពរូបភាព៖ The Washington Post
យោងតាមសារព័ត៌មាន CNA ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងលក្ខខណ្ឌដ៏សម្ងាត់បំផុត និងគួរឱ្យភ្ញាក់ផ្អើល ដោយលោក ចូ បៃដិន បានចាកចេញពីក្រុងវ៉ាស៊ីនតោននាព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយលោកបានចុះចតនៅប្រទេសប៉ូឡូញនៅល្ងាចថ្ងៃដដែល។ ក្រោយមក លោកត្រូវចំណាយពេលជិះលើរថភ្លើង អស់រយៈពេល១០ម៉ោង ដើម្បីទៅក្រុងគៀវ ដោយលោកបានមកដល់នៅម៉ោង៨ព្រឹក ម៉ោងក្នុងតំបន់៕