ក្រុមការងារទប់ស្កាត់ហានិភ័យរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានសិក្សាផែនទីហានិភ័យ ដើម្បីកំណត់ឱ្យដឹងថាទីតាំងដែលចាំបាច់អន្តរាគមន៍ភ្លាមៗ ទប់ស្កាត់រាល់បញ្ហាណាមួយដែលអាចកើតមានឡើងដោយយថាហេតុ។ ក្នុងការងារទល់ទ្រជាបន្ទាន់មួយនៅថែវ នៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត ប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រ កម្ពស់៧ម៉ែត្រ ជាទីតាំងដំបូងនៅក្នុងផែនទីហានិភ័យ ដើម្បីធានាដល់រចនាសម្ព័ន្ធមួយចំនួនកុំឱ្យឈានដល់ការខូចខាត។ បន្ទាប់មក ក្រុមការងារនឹងបន្តបំពេញការងារជាបន្តបន្ទាប់ទៅតាមទិសដៅដែលបានកំណត់នៅក្នុងផែនទីហានិភ័យ។
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្នុងរយៈពេល២ឬ៣សប្ដាហ៍ចុងក្រោយនេះ ភ្លៀងបានធ្លាក់ខ្លាំង ហើយទឹកហូរបាចសាចចូលសព្វផ្នែកទាំងអស់នៃថែវ នៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត បណ្ដាលឱ្យប៉ះពាល់គ្រឹះ បង្កឱ្យផ្នែកខ្លះនៃថែវរំកិល ជញ្ជាំងហើប និងធ្នឹមចាប់ផ្ដើមញែកចេញពីគ្នា។ លោកបន្តថា ដោយសារតែបញ្ហានេះ ក្រុមការងារទប់ស្កាត់ហានិភ័យ ក៏បានយកឈើ និងរន្ទាដែកមួយចំនួនធ្វើការទល់ទ្រជាបន្ទាន់ដើម្បីជួយសង្គ្រោះជាបណ្ដោះអាសន្ន នៅមុនពេលដែលឈានទៅដល់ការសុំអនុសាសន៍ពីគណៈកម្មាធិការ អាយ ស៊ី ស៊ី អង្គរ ថាតើត្រូវធ្វើយ៉ាងណាបន្តទៀតនោះ។
សូមបញ្ជាក់ថា ការទល់ទ្រមួយផ្នែកនៃថែវ នៅរួតទី១ភាគខាងត្បូង របស់ប្រាសាទអង្គរវត្តប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រនេះ គឺជាគម្រោងបន្ទាន់ដំបូងគេ ដែលក្រុមការងារបានអនុវត្ត។ នៅពេលខាងមុខ ក្រុមការងារទប់ស្កាត់ហានិភ័យ មានគម្រោងនឹងធ្វើការងារពង្រឹងធ្នឹម សសរ និងដំបូលនៃថែវរបស់ប្រាសាទអង្គរវត្ត ចំនួន៣៨ទីតាំងបន្ថែមទៀត៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា