ក្នុងកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមានអត្ថន័យ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក៏មានការចែកអំណោយជាសម្លៀកបំពាក់មួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រស្ថិតនៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ដោយមានឆន្ទៈ មនសិការ និងទឹកចិត្ដល្អប្រពៃ សប្បាយរីករាយនិងកម្មភាពដែលខ្លួនកំពុងធ្វើនៅថ្ងៃនេះ យុវសិស្ស លី បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) បានបង្ហាញអារម្មណ៍ និងគោលបំណងដែលបង្កើតឱ្យមានកម្មវិធីនេះបែបនេះថា៖ «សម្រាប់ពួកយើងផ្ទាល់គឺមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ហើយក៏គ្មានពាក្យពេជ្រច្រើនដែរដោយការមកចែកអំណោយនៅទីនេះគឺជាគោលដៅរបស់យើងពីដើមឆ្នាំ ហើយរាល់សកម្មភាពដែលយើងធ្វើគឺផ្ដោតសំខាន់លើការផ្ដល់ជំនួយការសិក្សាដល់សិស្សានុសិស្សដែលស្ថិតនៅតាមទីជនបទដូចសាលាបឋមសិក្សា ខ្សាច់ចាក់ នេះ»។
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះដែរ ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច លោក រ័ត្ន សម្បត្ដិ បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង និងយុវជន នៃក្រុមប្រឹក្សាសិស្ស ចូលរួមចំណែកពង្រឹងវិស័យអប់រំក្នុងខេត្តកំពតបែបនេះថា «ថ្ងៃនេះគឺជាថ្ងៃដែលមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម ដោយបានប្អូនៗខាង មូលនិធិ ម៉េងលី ជេ. គួច បាននាំយកសម្ភារសិក្សា និងសាងសង់បង្គន់អនាម័យ ផ្ដល់ជូនដល់សាលាខ្សាច់ចាក់នេះដែលកំពុងមានភាពខ្វះខាតដល់សិស្សចំនួន២៥០នាក់នេះ»។
ស្ថិតក្នុងភាពស្វាហាប់ យកចិត្ដទុកដាក់ និងទឹកមុខញញឹមរីករាយស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល នាយកសាលាបឋមសិក្សា ខ្សាច់ចាក់ លោក សែម វិមាន បានឱ្យដឹងពីអារម្មណ៍រំភើបនៅពេលឃើញយុវជនខ្មះខ្មែងបង្កើតសកម្មភាពសប្បុរធម៌នានា ដើម្បីជួយដល់សង្គមយ៉ាងដូច្នេះថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានក្រុមការងារសិស្សបានចុះមកជួយសាលា ហើយនេះក៏ជាលើកទីមួយដែលសាលាបានទទួលភ្ញៀវចុះមកចែកអំណោយដល់សាលា»។
ក្នុងវត្ដមានសិស្សានុសិស្សប្រមាណជាង២៣០នាក់ ដែលទទួលបានសម្ភារៈសិក្សា យុវតី ធុង វត្ដី សិស្សថ្នាក់ទី៦ បានបង្ហាញអារម្មណ៍រំភើបខ្លួនបែបនេះថា«ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានទទួលរបស់របរសិក្សា សម្ភារសិក្សានេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកខ្ញុំ ហើយខ្ញុំក៏សូមអរគុណដល់បងៗ»។
ទន្ទឹមនឹងការបង្កើតឱ្យមានកម្មវីធីសប្បុរធម៌នេះដែរ លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាញការយល់ឃើញ និងឆ្លៀតឱកាសផ្ដាំផ្ញើទៅដល់សិស្សានុសិស្សយ៉ាងដូច្នេះថាថា «នៅក្នុងថ្ងៃនេះខ្ញុំពិតជាមានសេក្ដីសោមនរីករាយ ដែលបានចូលរួមចំណេកជាមួយប្អូនៗនៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) នាំយកនូវសម្ភារ:និងសមទ្ធិផលមួយចំនួនជូនដល់សាលាបឋមសិក្សា ខ្សាច់ចាក់ ដែលស្ថិនៅក្នុងខេត្តកំពត់»៕
សរសេរដោយ អឿ ស៊ីណា អ្នកសរសេរ Script នៃ MJQTV