មនុស្សមួយចំនួនបានត្អូញត្អែរពីបញ្ហាជាច្រើនដែលរាំងស្ទះដំណើរជីវិតទាំងដែលគេមានកាយសម្បទាគ្រប់គ្រាន់ដើម្បីតស៊ូជម្នះរឿងរ៉ាវដែលកើតឡើង បែរធ្វើខ្លួនផ្តេកផ្តួល បន្ទោសលើព្រេងវាសនា តែមនុស្សមួយចំនួនទៀតបានបំភ្លេចពិការភាពរបស់គេ ហើយប្រឹងប្រែងជម្នះគ្រប់ឧបសគ្គជីវិតដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួនលើកិច្ចការដែលខ្លួនស្រឡាញ់។
ជាក់ស្តែង សូមក្រឡេកមើលជីវិតរបស់អ្នកថតរូបឥណ្ឌូនេស៊ី លោក Achmad Zulkarnain។ គាត់គ្មានកាយសម្បទាល្អដូចគេទេ គឺគាត់គ្មានដៃ គ្មានជើង។ រូបរាងបែបនេះ មិនមាននរណាគិតថាគាត់អាចក្លាយជាជាងថតរូបដ៏ជំនាញនិងថតរូបបានស្អាតនោះឡើយ តែគាត់ធ្វើបាន។ ពេលថត គាត់ត្រូវប្រើមាត់របស់គាត់ដើម្បីបើកកាមេរ៉ា ហើយប្រើដៃកំបុតខ្លីរបស់គាត់ដើម្បីថតរូបឱ្យភ្ញៀវបានយ៉ាងរលូន។ ការខំប្រឹងមួយនេះគឺដើម្បីអាជីពថតរូបដែលគាត់ស្រលាញ់ រហូតដល់គាត់អាចបង្កើតក្រុមហ៊ុន DZOEL ផ្ទាល់ខ្លួនទៀតផង ដើម្បីជួយគាត់ក្នុងការគ្រប់គ្រងលំហូរចូលនៃអាជីវកម្មដែលគាត់កំពុងទទួលបាននៅក្នុងតំបន់របស់គាត់។
មិនត្រឹមតែប៉ុណ្ណោះ កូនកាត់អាយុ២៤ឆ្នាំរូបនេះ មិនបានបន្ទោសទៅលើធម្មជាតិនៃកំណើតខ្វះកាយសម្បទារបស់លោកនោះទេ តែលោកពិតជាមានស្មារតីស្វាហាប់និងស្រលាញ់ការថតរូបជាខ្លាំង ហើយពុះពារគ្រប់យ៉ាងដើម្បីសម្រេចក្តីស្រមៃរបស់លោកក្នុងការថតរូបបានយ៉ាងស្អាតនិងជំនាញទៀតផង។
លោក Zulkarnain បាននិយាយថា“ ខ្ញុំមិនចង់ឱ្យមនុស្សគ្រប់គ្នាមើលមកខ្ញុំហើយគិតថាខ្ញុំជានរណានោះទេ ខ្ញុំគ្រាន់តែចង់ឱ្យពួកគេមើលឃើញការច្នៃប្រតិដ្ឋរបស់ខ្ញុំប៉ុណ្ណោះ”។ គាត់បានលើកទឹកចិត្តដល់មនុស្សជាច្រើនដែលមានកាយសម្បទាមិនគ្រប់គ្រាន់ដូចគាត់ សូមកុំអស់សង្ឃឹមនិងព្យាយាមចាប់យកក្តីស្រមៃរបស់ខ្លួនឯង ព្រោះពិការភាពមិនមានន័យថា ពួកគេមិនអាចធ្វើអ្វីបាននោះទេ៕
ប្រភពរូបភាព៖ google អត្ថបទ៖ ហ៊ីង ស្រីរ័ត្ន