វប្បធម៌ Oct 10, 2022

ប្រាសាទខ្នារផ្ទោល សង់អំពីឥដ្ឋនិងថ្មបាយក្រៀមកំពុងទទួលបានការជួសជុលពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

image

 

​ប្រាសាទ​ខ្នារ​ផ្ទោល​ ​មាន​ចំនួន​២​ប៉ម​ដោយ​ប៉ម​នីមួយៗ​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​ ​បណ្តោយ​៦​ម៉ែត្រ​ ​និង​ក​ម្ពស់​៦​ម៉ែត្រ​ ​ឈរ​ទន្ទឹមគ្នា​ ​ជើង​ ​ត្បូង​នៅ​លើ​រចនាសម្ពន្ធ​បុរាណ​មាន​ក​សិន្ធុ​ទឹក​ព​ទ្ធ័​ជុំ​វិ​។​ ​ហេតុដូច្នេះហើយ​ ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​ថា​ ​រចនាសម្ពន្ធ​របស់​ប៉ម​ថ្ម​ ​និង​ប៉ម​ឥដ្ឋ​ទាំងមូល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ ​ដោយសារ​រុក្ខជាតិ​តូច​ធំ​ជាច្រើន​ដុះ​លើ​ប៉ម​ប្រាសាទ​ ​និង​មាន​បញ្ហា​ ​ទទួល​នូវ​ជម្រាប​ទឹក​ជាប្រចាំ​បណ្តាល​ឱ្យ​រចនាសម្ពន្ធ​ប្រាសាទ​រង​នូវ​ការ​ខូច​ទ្រង់ទ្រាយ​ដោយ​ផ្នែក​ៗ​។​

​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិ​រក្ស​ប្រាសាទ​ ​និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ប្រឹងប្រែង​ជួយសង្គ្រោះ​ប្រាសាទបុរាណ​មួយ​នេះ​ ​ដើម្បី​ឱ្យ​គេច​ផុត​ពី​ការ​បាត់បង់​ទៅ​ថ្ងៃមុខ​ ​តាមរយៈ​មធ្យោបាយ​ជួយ​ស​ង្រ្គោះ​បន្ទាន់​ដោយ​ប្រើប្រាស់​បច្ចេកទេស​ទល់​ទ្រ​ ​និង​ជួសជុល​ពង្រឹង​រចនាសម្ពន្ធ​ឥដ្ឋ​ដោយ​ផ្នែក​ៗ​។​



​លោក​ ​តាន់​ ​សុផល​ ​អនុប្រធាន​នាយកដ្ឋាន​អភិ​រក្ស​ប្រាសាទ​ ​និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​មានប្រសាសន៍ថា​ ​សំណង់​ប្រាសាទ​ខ្នារ​ផ្ទោល​នេះ​ ​ជា​មរតក​បេតិកភណ្ឌ​ជាតិ​មាន​តម្លៃ​ខ្លាំង​ ​ដែល​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ ​និង​ការពារ​ក​ម្រិ​ត​ខ្ពស់​ ​ព្រោះ​វា​កំពុង​ស្ថិតនៅ​រូបរាង​ច្បាស់លាស់​ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ទស្សនា​ ​និង​ស្វែងយល់​បាន​ច្បាស់​អំពី​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ ​និង​ប្រវត្តិ​នានា​ទាក់ទង​ទៅ​នឹង​សិល្បៈ​នៃ​ការ​សាងសង់​ប្រាសាទ​នេះ​ឡើង​នា​សម័យ​អតីតកាល​។​

​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​នេះ​ ​គឺ​មួយ​ផ្នែ​កត្រង់​រចនាសម្ពន្ធ​របស់​ខ្លោងទ្វារ​ខាងកើត​នៃ​ប៉ម​ខាងត្បូង​ ​រួម​មាន​ ​ផ្តែរ​ ​សសរពេជ្រ​បាន​រលុះ​ចេញពី​ទីតាំង​ដើម​ដោយសារ​កត្តា​ធម្មជាតិ​។​ ​ចំណែក​ ​ស្រទាប់​ឥដ្ឋ​ដែល​សេសសល់​ស្ថិតនៅ​ខាងលើ​ផ្តែរ​ ​ក៏​កំពុង​ប្រឈម​នឹង​បន្ត​កា​រលុះ​នា​ពេល​បន្ទាប់​ខាងមុខ​។​ ​ដូចនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ខិតខំ​ប្រឹងប្រែង​រក​វិធី​ទប់​ស្កាត់​ ​និង​ជួយសង្គ្រោះ​បន្ទាន់​ដោយ​ប្រើប្រាស់​បច្ចេកទេស​ទល់​ទ្រ​បណ្តោះអាសន្ន​នៅត្រង់​ខ្លោងទ្វារ​ខាងកើត​គឺ​ក្នុង​បំណង​កាត់បន្ថយ​រាល់​ហា​និ​ភ័យ​ទាំងនោះ​ ​និង​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​សិក្សា​លម្អិត​អំពី​ក​ម្រិ​ត​ខូចខាត​ទាំងមូល​ ​រួម​ទាំង​រៀបចំ​កម្មវិធី​អភិ​រក្ស​ ​និង​ជួសជុល​សម្រាប់​រយៈពេល​វែង​ក្នុង​ឆ្នាំ​២​០​២​៣​ ​ឬ​ឆ្នាំ​២​០​២​៤​។​

​លោក​ ​តាន់​ ​សុផល​ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​បច្ចុប្បន្ន​ក្រុម​អ្នកបច្ចេកទេស​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ប្រតិបត្តិ​ផ្នែក​អភិ​រក្ស​ប្រាសាទ​នេះ​ឡើងវិញ​ ​ក្នុង​ដំណាក់កាល​ទី​២​បន្ទាប់ពី​ធ្វើការ​ទល់​ទ្រ​បឋម​រួចរាល់​កន្លងមក​ ​ក្នុង​នោះ​កិច្ច​ការសង្គ្រោះ​បន្ទាន់​ ​គឺ​នឹង​រៀបចំ​ជួសជុល​សសរពេជ្រ​ដែល​បាក់បែក​ទាំងសងខាង​ ​ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ដំឡើង​ថ្ម​ផ្តែរ​ដាក់​នៅត្រង់​ទីតាំង​ដើម​វិញ​ក្នុង​ស្ថានភាព​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ ​រួម​ទាំង​ជួសជុល​ជញ្ជាំង​ឥដ្ឋ​ ​និង​សសរ​ផ្អោប​ទាំងពីរ​នៅ​ខ្លោងទ្វារ​ខាងកើត​នៃ​ប៉ម​ខាងត្បូង​។​

​ការសិក្សា​លម្អិត​អំពី​ប្រវត្តិ​សា​ស្រ្ត​នៃ​សំណង់​ប្រាសាទ​ខ្នារ​ផ្ទោល​ ​នឹង​បន្ត​អនុវត្ត​ដោយ​បង្កើត​ឱ្យ​មាន​កម្មវិធី​កំណាយ​ស្រាវជ្រាវ​ ​ផ្នែក​បុរាណ​វិទ្យា​ ​ពិនិត្យ​រាល់​ស្លាកស្នាម​នានា​ទាំង​ចម្លាក់​វត្ថុ​សិល្បៈ ​និង​ភស្តុតាង​ដទៃទៀត​សម្រាប់​ជា​អំណះអំណាង​បញ្ជាក់​អំពី​ ​ប្រវត្តិ​នៃ​សំណង់​ពិតប្រាកដ​៕​