វប្បធម៌ Nov 30, 2022

ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២២

image

​«​ល្បុក្កតោ​»​ ​គឺជា​បន្សំ​នៃ​ពាក្យ​ ​«​ល្បុក្ក​»​ ​បូក​និង​«​តោ​»​ ​មានន័យ​ថា​ ​សត្វ​តោ​មហា​កម្លាំង​ ​ឬ​មហា​ថាមពល​។​ ​ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណា​ត​ ​ពាក្យ​ល្បុក្កតោ​ ​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ​ ​អម​ភ្ជាប់នឹង​កំផួ​ន​ដៃ​សម្រាប់​រង​នឹង​ដំបង​វែង​ ​ឬ​បុក​បុះ​ការពារ​ខ្លួន​។​ ​ដូច្នេះ​គុនល្បុក្កតោ​ ​គឺជា​ក្បាច់​គុន​មហា​កម្លាំង​ប្រើប្រាស់​នៅ​ក្នុង​ច​ម្បាំ​ង​ប្រឆាំង​សត្រូវ​ឈ្លានពាន​ ​ដើម្បី​ការពារប្រទេស​ ​ប្រាសាទ​ ​គ្រួសារ​ ​ស្រុក​ភូមិ​ ​ព្រមទាំង​ការពារ​សុ​វត្តិ​ភាព​ផ្ទាល់ខ្លួន​ ​និង​ទ្រព្យសម្បត្តិ​ ​ទប់ទល់​​​នឹង​សត្វសាហាវ​ជាដើម​។​

​តាម​ការ​ដំណាល​ត​ៗ​គ្នា​របស់​ដូនតា​ខ្មែរ​ ​ប្រវត្តិ​ដ៏​ចំណាស់​របស់​គុនល្បុក្កតោ​ ​កើត​ចេញពី​ពល​ទាហាន​ម្នាក់​ដែល​បាន​ប្រើប្រាស់​ដំបង​រួម​ជាមួយនឹង​ក្បាច់​ដៃ​ ​និង​ជង្គង់​ ​ដើម្បី​វាយ​សត្វ​តោ​មួយ​ក្បាល​ដែល​តែងតែ​មក​វាយប្រហារ​ ​យាយី​ ​សម្លាប់​ ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​ជា​ញឹកញាប់​។​ ​លើស​ពីនេះទៅ​ទៀត​ ​ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់​គុន​នេះ​ ​ត្រូវ​បាន​ប្រវត្តិវិទូ​រក​ឃើញ​ថា​ ​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩​ ​ដូចជា​ប្រាសាទ​ព្រះ​គោ​ ​បន្ទាយស្រី​ ​អង្គរវត្ត​ ​និង​បាពួន​។​ ​ក្បាច់​គុន​នេះ​បាន​ចាក់គ្រឹះ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​វប្បធម៌​ ​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ​ហើយ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​អរិយធម៌​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។​

​មិន​ខុស​ពី​ក្បាច់​គុន​ខ្មែរ​ផ្សេងទៀត​ដែរ​ ​គុនល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់​ ​និង​ស្នៀត​យ៉ាង​ច្រើន​ ​ដែល​យកតម្រាប់តាម​ត​ថ​ភាព​ធម្មជាតិ​ ​នៃ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នាសម័យនោះ​ ​និង​កាយវិការ​របស់​សត្វ​ដូចជា​ ​សត្វបក្សី​ ​សេះ​ ​ខ្លា​ ​ដំរី​ ​ពានរ​ ​កិន្នរ​ ​ក្រពើ​ ​ក្តាម​ ​ពស់​ ​នាគ​ ​និង​ទា​។​ល​។​ ​ជាង​នេះ​ទៅទៀត​ ​ទម្រង់​នៃ​គុនល្បុក្កតោ​បាន​បង្កប់ខ្លួន​នៅ​ក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ​ ​ដូចជា​របាំ​ប្រជាប្រិយ​ ​ល្បែង​ប្រជាប្រិយ​ ​និង​របាំ​បុរាណ​។​ ​ចលនា​ ​ស្នៀត​ ​ក្បាច់​ ​និង​កាយវិការ​នីមួយៗ​នៃ​ក្បាច់​គុន​នេះ​ ​បាន​បង្កប់​នូវ​ភាព​ទន់ភ្លន់​ ​ស្លូតបូត​ ​រស់រវើក​ ​រឹង​មាំ​ ​រហ័សរហួន​ ​និង​ឥរិយាបថ​ ​រស់នៅ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​។​ ​ក្បាច់​គុន​នេះ​តម្រូវ​ឱ្យ​វាយ​កៀក​នឹង​គូ​ប្រយុទ្ធ​ ​ដោយ​ប្រើ​កែងដៃ​ ​និង​ជង្គង់​ជា​មូលដ្ឋាន​។​

​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែ​មករា​ ​ឆ្នាំ​១​៩​៧​៩​ ​អ្នកចេះ​ក្បាច់​គុនល្បុក្កតោ​ ​ដែល​នៅ​រស់រាន​មានជីវិត​ពីរ​ប​ប​នេះ​ ​មាន​ចំនួន​តិចតួច​ណាស់​។​ ​គ្រូ​គុនល្បុក្កតោ​មួយ​ចំនួន​ ​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស​ ​ហើយ​គ្រូគុន​ដែល​សេសសល់​ក្នុង​ប្រទេស​ ​មិន​មានលទ្ធភាព​បន្ត​សកម្មភាព​ក្បាច់​គុន​នេះ​បានទេ​ ​ដោយសារ​កម្ពុជា​ជួប​វិបត្តិ​សង្គ្រាម​ដ៏​រ៉ាំ​រៃ​ ​ដោយ​មិន​មាន​ការស្រាវជ្រាវ​ ​និង​អភិ​រក្ស​ផង​នោះ​ ​«​គុនល្បុក្កតោ​»​ ​ស្ទើរតែ​ត្រូវ​បាន​បំភ្លេច​ចោល​ ​និង​បាត់ឈ្មោះ​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅ​ហើយ​។​

​គុនល្បុក្កតោ​ ​ត្រូវ​បាន​ស្តារ​ឡើងវិញ​ ​ដោយសារ​គ្រូ​តា​ជាង​ ​១​០​នាក់​ ​ដែល​នៅ​រស់រាន​មានជីវិត​ពីរ​ប​ប​ខ្មែរក្រហម​ ​និង​ដោយមាន​ការ​យកចិត្តទុកដាក់​ ​ពី​ថ្នាក់​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​លោកគ្រូ​តា​ទាំងអស់​បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ ​បង្កើត​សាលា​គុន​ ​លើកទឹកចិត្ត​ ​និង​បំផុស​ឱ្យ​មានការ​ហ្វឹកហាត់​គុនល្បុក្កតោ​ ​កសាង​ក្លិ​ប​ ​និង​សមាគម​នៅ​ទូទាំង​ប្រទេស​ ​ហើយ​ថែមទាំង​បាន​បង្កើត​សហ​ព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​ ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​០​៤​ ​ដើម្បី​អភិ​រក្ស​ក្បាច់​គុនល្បុក្កតោ​ ​ដែល​ជា​ព្រលឹង​វប្បធម៌​ជាតិ​ ​និង​ជា​កេរមរតក​ដូនតា​ទុក​ ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ចាប់តាំង​ពី​បង្កើត​សហ​ព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​ ​នេះ​មក​ ​គុនល្បុក្កតោ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ​ពីសំណាក់​សាធារណជន​ ​តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត​ ​ការ​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​សម្តែង​ ​ការចូលរួម​ប្រកួត​ ​នៅ​ក្នុង​កម្មវិធី​សំខាន់​ៗ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​។​ ​បន្ទាប់មក​ ​គុនល្បុក្កតោ​ត្រូវ​បាន​ដាក់បញ្ចូល​ ​ក្នុង​បញ្ជី​សារពើ​ភ​័​ណ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​កាលពី​ឆ្នាំ​២​០​១​១​។​

​ជាង​នេះ​ទៅទៀត​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​រៀបចំ​ដាក់​ស្នើ​ក្បាច់​គុនល្បុក្កតោ​ ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុង​ឆ្នាំ​២​០​២​០​ ​ដើម្បី​អភិ​រក្ស​និង​លើក​តម្កើង​វប្បធម៌​ខ្មែរ​ ​ទៅកាន់​អន្តរជាតិ​ឱ្យ​គេ​ស្គាល់​កាន់តែ​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​វប្បធម៌​មួយ​នេះ​។​ ​នៅទីបំផុត​ ​ក្បាច់​គុនល្បុក្កតោ​ដ៏​ចំណាស់​របស់​ ​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​ ​មួយ​នេះ​ ​ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​ ​របស់​អង្គការ​ UN​E​S​CO​ ​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង​១​០​កន្លះ​ (​ម៉ោង​កម្ពុជា​) ​យប់​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២ ​​នៅ​ទីក្រុង​ R​a​bat​ ​ព្រះរាជាណាចក្រ​ ​M​oroc​co៕