លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ នៃផ្សារមូលបត្រកម្ពុជាបានពន្យល់ប្រាប់ថា IPO (initial public offering) គឺមានន័យជាខេមរភាសាថាសំណើរបោះផ្សាយមូលបត្រជាលើកដំបូង ដែលពាក្យនេះប្រើតែម្ដងប៉ុណ្ណោះក្នុងវិស័យមូលបត្រ ពោលគឺបន្ទាប់ពីជំហានIPOនេះ ជោគជ័យគឺឈានដល់ជំហានបន្ទាប់គឺ PO (public offering)។
លក្ខខណ្ឌនៃការឡើង IPO
លោកស្រី គឹម សុផានីតា បានពន្យល់ថា «ក្រុមហ៊ុនមួយដើម្បីអាចបោះផ្សាយ (មូលបត្រ) ជាសាធារណៈបាន មិនមែនជាការងាយស្រួលប៉ុន្មានទេ ព្រោះច្បាប់គាត់មានលក្ខខណ្ឌតម្រូវដើម្បីធ្វើយ៉ាងណាឱ្យធានាឱ្យក្រុមហ៊ុនហ្នឹង (ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រ) មានលក្ខខណ្ឌគ្រប់គ្រាន់ ល្អគ្រប់គ្រាន់ដែលអាចប្រមូលលុយ ប្រមូលទុនពីសាធារណជនបាន អ៊ីចឹងលក្ខខណ្ឌតម្រូវគឺមានច្រើនបន្តិច ដូចជាលក្ខខណ្ឌទាក់ទងនឹងដើមទុន លក្ខខណ្ឌទាក់ទងនឹងអភិបាលកិច្ចសាជីវកម្មសំដៅទៅលើរចនាសម្ពន្ធក្រុមហ៊ុនគឺត្រូវមានក្រុមប្រឹក្សាភិបាលដោយឡែក គណៈកម្មការផ្សេងៗដោយឡែក គណៈគ្រប់គ្រងអីជាដើម។ លក្ខខណ្ឌផ្សេងៗទៀតគឺតម្រូវទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុត្រូវតែធ្វើសវនកម្មដោយសវនករឯករាជ្យអីជាដើម។ ទាក់ទងនឹងនិតិវិធីគឺគាត់ត្រូវជួលក្រុមការងារដែលមានដូចជាក្រុមហ៊ុន Under Writer (ក្រុមហ៊ុនធានាទិញមូលបត្រ) មានក្រុមហ៊ុនមេធាវី មានក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់អីផ្សេងៗហ្នឹងដើម្បីរៀបចំនិតិវិធីបំពេញលក្ខខណ្ឌផ្សេងៗជាមួយអាជ្ញាធរជាមួយទីផ្សារអីជាដើម។»
អ្នកស្រីបញ្ជាក់ថា ក្នុងជំហាន IPO គឺពិតជាមានភាពស្មុគស្មាញ ប៉ុន្តែប្រសិនបានការឯកភាពយល់ព្រមឱ្យបោះផ្សាយមូលបត្រហើយនោះគឺមានភាពងាយស្រួលច្រើនព្រោះចូលដល់ជំហានបន្ទាប់គឺជំហាន PO (public offering) ដែលមិនតម្រូវឱ្យបំពេញលក្ខខណ្ឌច្រើន ព្រមទាំងអាចបោះផ្សាយមូលបត្រ អាចប្រមូលទុនពីសាធារណជនបានច្រើនលើកច្រើនសារបន្តទៀត៕