ដើម្បីស្រាយចម្ងល់លើការរាប់ចំនួនភ្ញៀវទេសចរនេះ លោក នូ ថា អនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបង បានពន្យល់ប្រាប់ MJQTV ថា នៅតាមរមណីយដ្ឋាននីមួយៗ តែងតែមានមន្រ្តីទេសចរណ៍និងអាជ្ញាធរប្រចាំការសហការជាមួយម្ចាស់រមណីយដ្ឋាន ដើម្បីយកទិន្នន័យចំនួនអ្នកទេសចរដែលទៅដើរលេងកម្សាន្ត។ នៅតាមតំបន់រមណីយដ្ឋាន អាជ្ញាធររាប់ចំនួនម៉ូតូគុណនឹងចំនួនមនុស្ស ដោយក្នុងមួយម៉ូតូ គេគិតចំនួនមនុស្សជាមធ្យម ២ នាក់ ឯរថយន្តប្រហែល ៤ ឬ ៥ នាក់។
លោក នូ ថា បន្តថា បើនៅក្នុងក្រុងវិញ មន្រ្តីជំនាញមើលទៅលើស្ថានភាពមនុស្សណែនណាន់តាន់តាប់ប៉ុណ្ណា បន្ទាប់មកនឹងគិតជាការ៉េ ដោយក្នុងមួយការ៉េ គេរាប់ចំនួនមនុស្សប្រមាណ ៤-៥ នាក់ ឬអាចឡើងដល់ ៦ នាក់តាមជាក់ស្តែង។
សម្រាប់រមណីយដ្ឋានដែលនៅឆ្ងាយៗពីក្រុងចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រឡើង ម្ចាស់រមណីយដ្ឋានត្រូវសហការផ្ញើរូបភាពដល់អាជ្ញាធរនិងផ្តល់ទិន្នន័យភ្ញៀវទេសចរចាំបាច់ផ្សេងទៀត ដើម្បីឱ្យមន្រ្តីជំនាញសិក្សានិងប៉ាន់ស្មានចំនួនទៅតាមនិតិវិធី។
ពាក់ព័ន្ធរឿងការរាប់ចំនួនភ្ញៀវទេសចរនេះ អនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបង បញ្ជាក់ថា ភាពត្រឹមត្រូវនៃតួលេខដែលរាប់នោះ អាចមានសុក្រឹត្យភាពប្រហែល ៨៥-៩០ ភាគរយ។
យ៉ាងណាមិញ មន្រ្តីដដែលបានថ្លែងអំណរគុណចំពោះភ្ញៀវទេសចដែលបានមកទស្សនាខេត្តបាត់ដំបងក៏ដូចជាបណ្តាខេត្តដទៃ ពិសេសអាជ្ញាធរពាក់ព័ន្ធដែលបានលះបង់បំពេញការងាររក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់នាឱកាសបុណ្យចូលឆ្នាំខ្មែរកាលពីពេលថ្មីៗនេះ។ លោកមានសុទិដ្ឋិនិយមថា ការដើរលេងកម្សាន្តយ៉ាងច្រើនកុះកររបស់ពលរដ្ឋ ជាសញ្ញាវិជ្ជមានក្រោយពីរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ ពិសេសវិស័យទេសចរណ៍បានងើបឡើងវិញបណ្តើរៗ៕