អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានមានរៀបរាប់ប្រាប់ថា «នៅអំឡុងឆ្នាំ២០១៥-២០១៦ ពួកយើងមានការសហការពីខាងក្រៅប្រទេស ទាក់ទងមកពួកយើងក្នុងគោលបំណងបណ្តាក់ទុនរួមគ្នា ហើយពួកគេភាគច្រើនយក ៦០-៧០ ភាគរយនៃភាគហ៊ុន ហើយប៉ុន្មានឆ្នាំទៀត ពួកគេចង់ចាកចេញ រួចឱ្យពួកយើងនៅបន្តតែឯង។ ការយកភាគហ៊ុនរហូតដល់ ៦០-៧០ ភាគរយ គឺមិនល្អសម្រាប់ពួកយើងទេ ប៉ុន្តែពួកយើងនៅតែស្ម័គ្រចិត្តចូលរួមនៅពេលនោះ យ៉ាងណា ការយកភាគហ៊ុន៦០-៧០ភាគរយ គឺធ្វើឱ្យយើងព្រួយបារម្ភអំពីអ្វីដែលអាចនឹងកើតឡើងចំពោះសាលារបស់ពួកយើង ព្រោះការដែលខ្ញុំបង្កើតសាលាទាំងនេះឡើង គឺខ្ញុំចង់ផ្តល់ជូននូវចំណេះដឹង ការអប់រំសម្រាប់ប្រជាជនកម្ពុជា ដើម្បីឱ្យពួកគេជួយទ្រទ្រង់ប្រទេស រដ្ឋាភិបាល និងវិស័យអប់រំ។ គោលបំណងរបស់ខ្ញុំ គឺបែបនេះ ជួយវិស័យអប់រំ និងពង្រីកបន្ថែមទៀត ហើយទ្រទ្រង់វិស័យសុខាភិបាល ដូច្នេះប្រសិនបើខ្ញុំលះបង់ភាគហ៊ុនទាំងអស់ក្នុងការបណ្តក់ទុនរួមគ្នា នោះគឺដូចជាខ្ញុំបរាជ័យក្នុងការបំពេញគោលដៅរបស់ខ្លួនឯងអ៊ីចឹង។»
គោលបំណងចូល IPO កំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩
អ្នកឧកញ៉ាដែលជាវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ និងជាអ្នកជំនាញសុខភាពសារធារណៈរូបនេះបានឱ្យដឹងថា «ចំពោះឆ្នាំ២០១៨វិញ ពួកយើងសម្រេចថា ចង់ចូល IPO ម្តងទៀតនៅក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំនោះ សេដ្ឋកិច្ចនៅប្រទេសកម្ពុជាបានជួបវិបត្តិ ហើយអ្នកវិនិយោគចិនមួយចំនួនបានចាកចេញ កូវីដក៏បានរីករាលដាល វាជាការធ្លាក់ចុះសេដ្ឋកិច្ច ដូច្នេះពួកយើងក៏ពន្យារពេលសិន។ វាច្បាស់ណាស់ថា ជាជម្រើសមិនត្រឹមត្រូវ ប្រសិនបើពួកយើងពិតជាចូលរួមទីផ្សារភាគហ៊ុននៅពេលនោះ ឬប្រសិនបើពួកយើងចេញ IPO។ ដូច្នេះពួកយើងបានរង់ចាំរហូតដល់បញ្ហាកូវីដ-១៩ ធូរស្បើយ ហើយសំណាងដែរ ព្រោះប្រទេសកម្ពុជាចាប់ផ្តើមបើកទីផ្សារឡើងវិញបានលឿនក្នុងចំណោមប្រទេសផ្សេងទៀត បែបនោះហើយ ភ្ញៀវបរទេស អ្នកទេសចរ ក៏អាចចូលមកប្រទេសកម្ពុជាវិញ ប្រទេសក៏បានដកការរឹតបន្តឹង ដូច្នេះគ្រប់យ៉ាងនឹងត្រឡប់ទៅធម្មតា»។
ភាពជោគជ័យក្នុងការចូល IPO របស់ក្រុមហ៊ុន
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា «ពួកយើងគិតថាឆ្នាំ២០២៣នេះ គឺជាពេលវេលាដ៏ត្រឹមត្រូវ មុនការបោះឆ្នោត។ ទី១ គឺពួកយើងជឿជាក់លើការរីកចម្រើន ទី២ គឺពួកយើងជឿជាក់លើការគាំទ្រពីអតិថិជន មាតាបិតា និងអ្នកវិនិយោគ ហើយទី៣ គឺជាការបង្ហាញការគាំទ្រជាមួយរដ្ឋាភិបាលថា ប្រទេសកម្ពុជាបច្ចុប្បន្នមានស្ថិរភាព។ ក្រុមហ៊ុនរបស់ពួកយើងបានធ្វើសវនកម្ម៥-៧ឆ្នាំរួចហើយ យើងធ្វើតាមតម្រូវការរបស់សវនកម្ម និងតម្រូវការរបស់រដ្ឋាភិបាល។ ពួកយើងកំពុងអនុវត្តតាមតម្រូវការរបស់រដ្ឋាភិបាលសម្រាប់ចុះបញ្ជីក្រុមហ៊ុនចូលក្នុងទីផ្សារភាគហ៊ុន ហើយនៅពេលដែលយើងសម្រេចចិត្តចុះហត្ថលេខាសម្រាប់ទទួលការធានាពី RHB Securities ពួកគេក៏ត្រូវការផ្នែកច្បាប់ដែរ រួមទាំងក្រុមហ៊ុនសវនកម្ម។ ក្រៅពី RHB Securities ពួកយើងមានផ្នែកច្បាប់ និងសវនកម្ម ដើម្បីជួយនាំផ្លូវទៅរកអ្វីដែលត្រូវការ។ ពិតណាស់ ពួកយើងទទួលបានក្រុមហ៊ុនសវនកម្មឯករាជ្យមួយ ដោយពួកយើងបានជ្រើសយក BDO ចំណែកការធានា ខ្ញុំជ្រើសយក RHB Securities។ សម្រាប់ផ្នែកច្បាប់គឺ R&T Sok & Heng»។
ការចូល IPO និង ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
ក្នុងនាមជាវិនិយោគិនផ្នែកអប់រំមួយរូប អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញអ្វីដែលលោកចង់ឃើញខណៈខណៈដែលក្រុមហ៊ុនរបស់លោកចូល IPO យ៉ាងដូច្នេះថា «គោលបំណងដែលដាក់ចេញ IPO គឺដើម្បីផ្សព្វផ្សាយសាលារបស់យើង និងអនុញ្ញាតវិនិយោគិនមានឱកាសក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន ហើយខ្ញុំជឿជាក់ថា វិនិយោគិនភាគច្រើន គឺជាមាតាបិតាសិស្ស និងប្រជាជនកម្ពុជាដែលមានកូនៗរៀននៅសាលានេះ។ សាលារបស់ពួកយើងស្ថិតក្នុងចំណោមសាលាធំៗ និងមានការទទួលស្គាល់ច្រើន មានស្ដង់ដារគ្រប់គ្រាន់ ហើយតែងតែជាប់ចំណាត់ថ្នាក់ល្អ ទទួលបានពានរង្វាន់ពីក្រសួងអប់រំ ដូច្នេះខ្ញុំគិតថា នេះគឺជាជម្រើសល្អសម្រាប់ប្រជាជនកម្ពុជា ដើម្បីក្លាយជាម្ចាស់សាលា ដែលមាននៅទូទាំងប្រទេសកម្ពុជា ដូច្នេះសិស្សនុសិស្សទាំងអស់អាចសិក្សានៅក្នុងសាលាដែលគួរឱ្យទុកចិត្ត ខណៈមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង អេ អាយ អេស កំពុងតែផ្តល់ជូនរួចទៅហើយនៅពេលនេះ។ ដូច្នេះខ្ញុំគិតថា ការដែលចូលរួមជាមួយ IPO ពួកយើងនឹងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង និងពង្រីកសាខាបានកាន់តែច្រើន ដោយអាចទៅដល់តំបន់ដែលអ្នកគាំទ្រស្នើសុំឱ្យពួកយើងទៅ ហើយពេលនេះ យើងមានកន្លែងរាប់រយដែលយើងចង់ពង្រីកនៅគ្រប់ជ្រុងជ្រោយនៃប្រទេសកម្ពុជា។ អ្នកគាំទ្រមានការទុកចិត្ត ជឿជាក់ខ្ពស់លើពួកយើង ហើយពួកគេស្រួលចិត្ត និងទំនុកចិត្តក្នុងការរីកចម្រើនរបស់ពួកយើង។ វាគឺជាគោលដៅ ជាចក្ខុវិស័យដ៏វែងឆ្ងាយ។ ពួកគេជឿជាក់លើការគ្រប់គ្រង ម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាលដែលនៅពីក្រោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ពួកមានក្រុមដ៏រឹងមាំ បុគ្គលិកដែលមានឆន្ទៈនៅពីក្រោយ រួមទាំងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ដូច្នេះខ្ញុំជឿជាក់ថា ក្រុមហ៊ុននឹងទទួលបានជោគជ័យកាន់តែខ្លាំងឡើង»។ លោកបន្តថា«ពួកយើងនៅមានសាលា១៦០កន្លែងទៀត ដែលចង់ពង្រីក ខណៈបច្ចុប្បន្ន ពួកយើងទើបតែមាន១៥សាខាទេ ដូច្នេះពួកយើងមានដំណើរវែងឆ្ងាយទៀត។ លើសពីនេះ ពួកយើងក៏ចង់បង្កើតសាកលវិទ្យាល័យដែរ កម្មវិធីបណ្តុះបណ្តាល (Trade School) ក៏ដូចជាសាលាអន្តរជាតិសម្រាប់ថ្នាក់ K-12 មិនតែប៉ុណ្ណោះ ក៏មានថ្នាក់វេជ្ជសាស្ត្រ រួមជាមួយសាលាសម្រាប់បញ្ហាផ្លូវកាយ និងផ្លូវចិត្តសម្រាប់កុមារកម្ពុជាដែលមានបញ្ហា។ ដូចដែលបានឃើញហើយ ពួកយើងមានរឿងជាច្រើនដែលត្រូវធ្វើនៅពេលចេញ IPO ដូចជាការប្រមូលមូលនិធិតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតកម្មវីធីសង្គមដែលត្រូវការបំផុតនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលចម្បងបំផុត គឺគម្រោងសម្រាប់បញ្ហាផ្លូវចិត្ត។ ពួកគេត្រូវការកន្លែងព្យាបាលដែលមានវិជ្ជាជីវៈត្រឹមត្រូវ ត្រូវការកន្លែងដែលអាចដាក់ទំនុកចិត្តបាន។ជាក់ស្តែង ពួកយើងមិនមានការប្រកួតប្រជែងអ្វីច្រើនទេ សាលារបស់ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ IPO ច្រើនឆ្នាំមកហើយ ពួកយើងក៏បានធ្វើសវនកម្ម និងអនុវត្តតាមរដ្ឋាភិបាល ប៉ុន្តែអ្វីដែលពួកយើងត្រូវការបន្ថែមទៀតនោះ គឺពេលវេលា ពីព្រោះថាការចេញ IPO គឺត្រូវការរយៈពេល១ឆ្នាំ។ ទោះជាយ៉ាងណា ដោយសារតែក្រុមហ៊ុនពួកយើងបានត្រៀមខ្លួនរួចរាល់ ពួកយើងចំណាយពេលតែ៣ខែកន្លះតែប៉ុណ្ណោះ។ ចាប់ពីចុងខែ១២ ឆ្នាំ២០២២ ពួកយើងសង្ឃឹមថា នឹងអាចដាក់ចេញនៅចុងខែ៣ ឆ្នាំ២០២៣នេះ។ ពួកយើងមានក្រុមប្រឹក្សាដែលខ្លាំង ដូច្នេះពួកយើងគិតថា នឹងអាចដំណើរការទៅមុខបាន»។
ដៃគូដែលសហការនាំឱ្យក្រុមហ៊ុនឈានដល់ការ IPO
ការចូល IPO មិនមែនធ្វើការងារតែឯងបាននោះទេដែលករណីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា «ដោយសារតែក្រុមការងារគ្រប់ផ្នែកទាំងអស់សហការគ្នា ធ្វើការរួមគ្នា និងសម្របសម្រួលជាមួយអ្នកធានា គឺ RHB Securities ដូច្នេះគ្រប់យ៉ាងដំណើរការទៅរលូន បញ្ហាប្រឈមក៏ត្រូវបានដោះស្រាយ។គោលបំណងរបស់ពួកយើងគឺពង្រីកសាខាច្រើនតាមដែលអាចធ្វើទៅបាន ទៅតាមខេត្តនានា ពិតណាស់ គឺពួកយើងចង់ពង្រីកសាខាគ្រប់ខេត្តក្រុង។ ពួកយើងមិនបារម្ភលើតម្លៃសិក្សានោះទេ ដោយសារតម្លៃនោះមានឡើងចុះទៅតាមទីតាំងសាលា និងតាមប្រាក់ចំណូលរបស់មាតាបិតាសិស្ស។ អ្វីដែលពួកយើងចង់បាន គឺតម្លៃសមរម្យ និងអាចសិក្សាបានសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរៀននៅសាលាល្អ។ នេះមិនមែនតែសម្រាប់តែអ្នកមាន ឬល្បីល្បាញអ្វីទេ គឺសម្រាប់គ្រប់គ្នាអាចសិក្សាបាន និងសិក្សានៅសាលាមានបរិយាកាសល្អ សាលាដែលផ្តល់ការថែទាំល្អ សាលាដែលមានគុណភាព។ ពេលជាមួយគ្នាដែរ ពួកយើងចង់ឱ្យវិនិយោគិនចូលរួម ហើយវិនិយោគលើក្រុមហ៊ុនពួកយើង និងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment, FDI)។ មានអតិថិជនច្រើនណាស់សួរខ្ញុំថា ពេលណាទើបចេញ IPO តើកន្លែងណាទើបអាចទិញបាន។ ពួកគេចង់កក់ទុកមុនទៀតផង ពួកគេខ្លាចថាមិនមានឱកាសចូលរួមភាគហ៊ុន ព្រោះថាមានតម្រូវការច្រើនណាស់ ហើយពួកយើងដាក់ចេញតែ៦-១០ភាគរយនៃភាគហ៊ុនតែប៉ុណ្ណោះ។ ពួកយើងសង្ឃឹមថា អតិថិជន នឹងកក់ភាគហ៊ុនទុកមុន ព្រោះថាតម្រូវការពិតជាខ្ពស់មែនទែន។ ក្រុមហ៊ុនរបស់ពួកយើងឈ្មោះថា ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលនៅខាងក្រោមនោះមាន Aii ដែលជាមជ្ឈមណ្ឌលភាសា បង្រៀនចិន អង់គ្លេស និងថៃ ហើយយើងក៏មានសាលាមួយទៀតដែរ គឺសាលារៀន អន្តរទ្វីប អាមេរិកាំង AIS ដែលមានពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ពីថ្នាក់ទី១ដល់ទី១២ ហើយក៏មានទារកដ្ឋានដែលមើលថែកុមារពីអាយុ៦ខែដល់២ឆ្នាំ និងឡើងពីថ្នាក់វិទ្យាល័យ ដល់សាកលវិទ្យាល័យ»។
ក្តីសង្ឃឹម និងការរំពឹងទុកពីការចូល IPO របស់ក្រុមហ៊ុន
ឆ្លងកាត់ជាច្រើនដំណាកកាល អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញក្តីសង្ឃឹមថា «ខ្ញុំជឿថាកម្ពុជានៅរយៈពេល១៥ឆ្នាំទៀត មិនទាន់មានការវិឌ្ឍផ្នែកអប់រំគ្រប់គ្រាន់នៅឡើយទេ ដូច្នេះពួកយើងនៅដើរក្រោយគេច្រើនជំហានទៀត។ ពួកយើងនៅតែត្រូវការសាលាល្អ សាលាមានគុណភាព សាលាបច្ចេកវិទ្យា សាលាជាច្រើនដែលត្រូវការសម្រាប់យុវជនកម្ពុជា។ ប្រទេសកម្ពុជាមានតម្រូវការដូចប្រទេសអភិវឌ្ឍន៍ផ្សេងទៀត អ៊ីចឹងហើយ អ្វីដែលប្រទេសយើងមិនទាន់មានគ្រប់គ្រាន់នៅពេលនេះគឺ សាលារៀន។ ខ្ញុំនិយាយអំពីសាលាដែលមានគុណភាព។ ការដាក់ចេញ IPO មានន័យថា ពួកយើងអាចសម្រេចគោលដៅនៃការបង្កើតសាលារៀនសម្រាប់គ្រប់ផ្នែក និងការបណ្តុះបណ្តាលផ្សេងៗ ចាប់ពីថ្នាក់ទារកដ្ឋាន រហូតដល់វិទ្យាល័យ ពីថ្នាក់ថែទាំងកុមារ ដល់ថ្នាក់មត្តេយ្យ ដល់ថ្នាក់សាកលវិទ្យា មហាវិទ្យា ថ្នាក់វេជ្ជសាស្ត្រ។ វានៅមានច្រើនណាស់សម្រាប់ការផ្តល់ជូន ក្រៅពីនោះ ក៏មានសាលាអន្តរជាតិសម្រាប់សិស្សដែលចង់សិក្សានៅក្រៅប្រទេស ដែលនឹងត្រឡប់មកវិញ ហើយជួយប្រទេសកម្ពុជា។ ពួកយើងមានគម្រោងដាក់ចេញ៦-១០ភាគរយ ប៉ុន្តែតម្រូវការប្រហែលជាខ្ពស់ ដូច្នេះពួកយើងនឹងស្នើសុំការអនុញ្ញាតប្រសិនបើមានករណីនោះ។ ជាអតិបរមា យើងដាក់ចេញ២០ភាគរយសម្រាប់ជុំដំបូង ប៉ុន្តែបច្ចុប្បន្នគឺមានត្រូវតែ១០ភាគរយប៉ុណ្ណោះ។ ពួកយើងសង្ឃឹមថា នឹងមានភាគហ៊ុនគ្រប់គ្រាន់សម្រាប់វិនិយោគិន និងប្រជាជនគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ នេះពិតជាការរំភើបសម្រាប់ប្រជាជនកម្ពុជាណាស់ ហើយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងធ្វើឱ្យមានការខុសប្លែក ផ្លាស់ប្តូរសម្រាប់កម្ពុជា។ ពួកយើងមានគម្រោងទទួលបានតម្លៃចុងក្រោយនៅសប្តាហ៍ទី៣នៃខែមករា ដោយមានតម្លៃចាប់ពី២២០០រៀលទៅ៨០០០រៀល ដូច្នេះវាមិនជាថ្លៃនោះទេ។ នេះគឺជាតម្លៃសមល្មម សមរម្យដែលអាចទទួលយកបាន ដូច្នេះប្រជាជនគ្រប់គ្នាអាចជាម្ចាស់ក្រុមហ៊ុនបាន។ ខ្ញុំគិតថា នឹងមានមនុស្សជាច្រើនចូលរួមជាមួយដំណើរការនេះ។ ពួកយើងមានតម្រូវការច្រើនពីក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ដូច្នេះខ្ញុំសង្ឃឹមថា អាចឆ្លើយតបតម្រូវការបានដល់ពួកគេទាំងអស់ ដូច្នេះសង្ឃឹមថាការកំណត់តម្លៃចុងក្រោយនឹងត្រូវបានសម្រេចនៅសប្តាហ៍ទី៣នៃខែមករា ។ ដើមទុនដែលពួកយើងចង់បង្កើន គឺការពង្រីកសាខា ដូចដែលបានធ្វើអំឡុងពេលកូវីដ។ សាលាពួកយើងទាំង១៥គឺមានស្ថេរភាព ខណៈអគារសិក្សារបស់ពួកយើងគឺជួលរហូតដល់ទៅ៥០ឆ្នាំ នេះគឺជារយៈពេលវែងសម្រាប់អគារសាលា ដូច្នេះវាពិតជាមានសុវត្ថិភាពណាស់។ យ៉ាងណាមិញ ពួកយើងក៏មានអ្នកធានាក្រៅពី RHB Securities ដែរ គឺសហអ្នកធានា ប៉ុន្តែពួកយើងមិនទាន់ច្បាស់នៅឡើយទេ»។
លោកបន្ថែមថា «គ្រប់គ្នាប្រហែលជាមានគំនិតទុទ្ទិដ្ឋិនិយមបន្តិចអំពីបញ្ហាសេដ្ឋកិច្ចសកល ពួកគេគិតថា វានឹងមិនរីកចម្រើនទៅមុខ ប៉ុន្តែពួកយើងនឹងអាចចេញពីវិបត្តិនេះ ខ្ញុំមិនគិតថាសង្គ្រាមនឹងអូសបន្លាយពេលយូរទេ ចំណែកនៅខាងប្រទេសចិនក៏ឃើញថា កំពុងបន្ធូរបន្ថយច្បាប់កូវីដ-១៩ដែរ នេះគឺជាសញ្ញាល្អ ហើយបច្ចុប្បន្នយើងអាចធ្វើដំណើរដោយសេរី។ មនុស្សគ្រប់គ្នាចាប់ផ្តើមធ្វើដំណើរកម្សាន្ត អ្នកខ្លះទៅក្រៅប្រទេស បន្ទាប់ពីមានការបិទខ្ទប់ប្រទេស និងការរិតត្បិតព្រំដែនដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រស់ស្រាយ ហើយពួកគេត្រូវការចេញយកខ្យល់អាកាសល្អនៅពេលនេះ។ សម្រាប់ប្រទេសកម្ពុជា មានតែភ្ញៀវទេសចរចិនប៉ុន្មានលាននាក់ នោះសេដ្ឋកិច្ចនឹងងើបឡើងខ្ពស់ ខណៈប្រទេសយើង គឺជាមានតំបន់ទាក់ទងភ្ញៀវទេសចរចិនជាច្រើន។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរអឺរ៉ុបក៏បែបនោះដែរ។ ប្រទេសមួយចំនួន ព្រួយបារម្ភចំពោះការធ្លាក់ចុះសេដ្ឋកិច្ច ពួកគេមិនសូវជាហ៊ានចំណាយ ពួកគេចាប់ផ្តើមភ័យខ្លាច ដែលធ្វើឱ្យពួកគេកាន់តែព្រួយបារម្ភ នេះគឺជាកង្វល់ដ៏ធំមួយ។ ប៉ុន្តែសូមកុំបារម្ភ អ្នកទាំងអស់គ្នាគួរតែបើកចិត្ត ហ៊ានចំណាយខ្លះ ធ្វើជំនួញដូចធម្មតា មិនដូច្នេះទេ គឺទីផ្សារនឹងធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់វិស័យអប់រំ វិស័យហរិញ្ញវត្ថុ និងវិស័យសុខភាព នឹងប្រសើរឡើងវិញ។ សម្រាប់ក្រុមមនុស្សដែលគាំទ្រ គោរព និងឱ្យតម្លៃទៅលើការអប់រំ ទោះបីជាបែបណាក៏ដោយ ពួកគេនៅតែឱ្យតម្លៃការអប់រំ ពួកគេមិនចង់ឱ្យកូនៗផ្អាកការសិក្សា ឬមិនបានសិក្សានោះទេ។ ខ្ញុំគិតថា នៅក្នុងប្រទេសអាស៊ានភាគច្រើន មានទស្សនៈចង់ឱ្យកូនៗពួកគេបានរៀនសូត្រ មិនចង់ឱ្យខកខានការសិក្សា ខណៈការសិក្សាគឺជាអាទិភាព។ នៅឆ្នាំ២០២៣ រដ្ឋាភិបាលបានផ្តោតលើវិស័យសុខាភិបាល និងការអប់រំ នេះហើយគឺជាមូលហេតុមួយដែលខ្ញុំសម្រេចចិត្តដាក់ចេញនៅឆ្នាំនេះ ពីព្រោះនៅក្នុងអណត្តិថ្មី គោលការណ៍ថ្មី ខ្ញុំគិតថាអាទិភាពគឺផ្តោតលើវិស័យអប់រំ និងសុខភាព។ ប្រសិនបើមិនមានការផ្តោតលើវិស័យទាំង២នេះទេ មិនមានប្រទេសណារីកចម្រើននោះទេ ព្រោះគ្រប់ប្រទេសទាំងអស់ត្រូវការមានសុខភាពល្អ ធនធានមនុស្ស ដើម្បីបំពេញតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ ហើយដើរទៅមុខបន្តទៀត សម្រាប់មនុស្សជំនាន់ថ្មី និងជំនាន់ក្រោយៗ។ បើមិនដូច្នោះទេ ពួកយើងដើរលែងទាន់ហើយ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលបានធ្វើ គឺស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។ ខ្ញុំពិតជាគាំទ្រទាំងស្រុង ដូចជារថភ្លើងអ៊ីចឹង គឺរត់ទៅមុខ មិនថយក្រោយនោះទេ ដូច្នេះខ្ញុំមានទំនុកចិត្ត មានការជឿជាក់លើទីផ្សារកម្ពុជា ទីផ្សារភាគហ៊ុន និងជឿជាក់លើការបោះឆ្នោត ដែលនឹងមានសន្តិភាព ហើយសប្បាយរីករាយ មានតុល្យភាព ស្ថិរភាព។ ពួកយើងបានឆ្លងកាត់ការបោះឆ្នោតច្រើនហើយ ហើយប្រជាជនកាន់តែរឹងមាំ ដូច្នេះខ្ញុំសូមជូនពរប្រទេសកម្ពុជាឱ្យបន្តការរឹងមាំនេះ ហើយវិស័យសេដ្ឋកិច្ចកាន់តែរីកចម្រើន»៕