លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានឧបត្ថម្ភថវិកាដល់ក្រុមយុវជនដែលប្រមូលសំរាមនៅតំបន់លូទឹកស្អុយបឹងត្របែកដែលមានលោកសាន ដារ៉ាវីត ជាប្រធានក្រុម។ ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងក្រោយពេលលោកឧកញ៉ាបានឃើញសកម្មភាពយ៉ាងស្វិតស្វាញប្រកបដោយការលះបង់ដើម្បីប្រមូលនិងសម្អាតសម្រាមនៅតាមលូទឹកស្អុយនៅក្នុងតំបន់បឹងត្របែកក្នុងរាជធានីភ្នំពេញ។
នៅក្នុងជំនួបនាថ្ងៃនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ផ្តល់យោបល់លើកទឹកចិត្តឱ្យក្រុមយុវជនដែលដើរប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែកទាំងអស់បន្តសកម្មភាពជាគំរូបែបនេះនៅតាមទីតាំងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើថវិកា លោកឧកញ៉ាក៏បានផ្តល់ការត្រួតពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងនៅឯមជ្ឈមណ្ឌលសុខភាពសិស្សម៉េងលី ជេ. គួច ដល់ក្រុមយុវជនទៅអស់នោះ ព្រមទាំងឧបត្ថម្ភសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ប្រមូលសម្រាមតាមតម្រូវការជាក់ស្តែង។ លើសពីនេះទៅទៀត លោកឧកញ៉ាក៏នឹងឧបត្ថម្ភសម្ភារៈផ្សេងៗក្នុងករណីលោកដារ៉ាវីតបើកដំណើរការហាងកាហ្វេបរិស្ថាននៅតំបន់លូទឹកស្អុយនោះ ហើយលោកក៏បានជម្រុញលើកទឹកចិត្តដល់បុគ្គលិកលោកគ្រូអ្នកគ្រូសិស្សនុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចូលរួមបរិច្ចាគនឹងចូលរួមក្នុងយុទ្ធនាការបោសសម្រាមនោះផងដែរ។
សូមជម្រាបថាលោកសាន ដារ៉ាវីតគឺជាអ្នកផ្តួចផ្តើមគំនិតក្នុងការចុះសម្អាតនិងប្រមូលសម្រាមដែលកំពុងស្ទះកក់កុញនៅក្នុងលូទឹកស្អុយបឹងត្របែក។ សកម្មភាពបោសសម្រាមបានទទួលការចាប់អារម្មណ៍ពីយុវជនផ្សេងទៀត ដែលជម្រុញឱ្យការចូលរួមប្រមូលសំរាមជាបន្តបន្ទាប់។
អត្ថបទ៖ រិន សុក្រិត្យ រូបថតដោយ៖ វ៉ង់ វណ្ណលីដា