លោកឧកញ៉ា គួច ម៉េងលី បានថ្លែងថាម្ចាស់អាជីវកម្មណាក៏ដោយមិនថាតូចមិនថាធំ បើហ៊ានតែមានចិត្តលោភលន់ពេក ម្ចាស់អាជីវកម្មរូបនោះអាចប្រឈមមុខនឹងភាពបរាជ័យ។
ឧកញ៉ាចិត្តធម៌រូបនេះថាកត្តាទី១ដែលធ្វើឱ្យអាជីវកម្មបះជើង គឺភាពលោភលន់។ ចរិតលោភលន់ចង់ចំណេញជ្រុលហួសហេតុ នឹងនាំឱ្យម្ចាស់អាជីវកម្មរូបនោះគិតតែរឿងចំណេញលុយជាធំ ដោយពុំបានគិតដល់ការផ្តល់សេវាកម្ម និងគុណភាពឱ្យបានល្អប្រសើរសម្រាប់អតិថិជន។
ជាម្ចាស់អាជីវកម្មកាហ្វេតូចមួយដែលទើបបង្កើតថ្មី មានទីតាំងស្ថិតនៅខាងមុខអាគារមជ្ឈមណ្ឌលភាសាAii សាខាម៉ៅសេទុង លោកប៊ុន ហ៊ួត បានថ្លែងថា បើនិយាយអំពីហាងកាហ្វេនៅតំបន់សាលារៀន អន្តរទ្វីប អាមេរិកាំង ហាងកាហ្វេរបស់លោកគឺជាហាងមួយដែលមកក្រោយគេ។ ដូច្នេះការលក់ក្នុងតម្លៃសមរម្យគឺជាយុទ្ធសាស្រ្តចម្បងបំផុតដើម្បីប្រកួតប្រជែង ផ្ទុយទៅវិញបើលោកហ៊ានលោភលន់លក់ក្នុងតម្លៃថ្លៃ ហាងរបស់លោកប្រាកដជាដួលរលំជាក់ជាពុំខាន។
ក្រៅពីភាពលោភលន់ លោកឧកញ៉ាគួច ម៉េងលី ក៏បានបន្ថែមទៀតថា ជម្លោះផ្ទៃក្នុងអាជីវកម្ម ឬភាសាអង់គ្លេសហៅថា Infighting ក៏ជាបញ្ហារសើបដែលអាចធ្វើឱ្យអាជីវកម្មដំក្បាលចុះផងដែរ។
ផ្តាំហើយផ្តាំទៀត លោកឧកញ៉ានៅតែសង្កត់ធ្ងន់ថា ការមានទំនាក់ទំនងល្អ ភាពស្មោះត្រង់ នៅក្នុងអាជីវកម្មគឺជាគោលការណ៍ដែលមិនអាចខ្វះបាន ប្រសិនបើលោកអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកមានសុខដុមរមនា។
សូមចូលទស្សនាវីដេអូដើម្បីយល់កាន់តែច្បាស់…។