យុវតីម្នាក់នេះមានឈ្មោះថា លី អ៊ីហ័រនាងគឺជាសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។នាងគឺជាយុវតីមានរូបឆោមដ៏ស្រស់ស្អាតមួយរូបដែលមានចំណង់ចំណូលចិត្តខ្ពស់ក្នុងវិស័យកីឡា ជាពិសេសគឺកីឡាល្បុក្កតោ ដែលជាក្បាច់គុនបុរាណរបស់ខ្មែរនេះតែម្តង។
មុននឹងចូលហាត់ក្បាច់គុនល្បុក្កតោនៅឆ្នាំ២០១៧អ៊ីហ័រធ្លាប់ជាក្មេងស្រីមួយរូបដែលមានសុខភាពមិនសូវមាំទាំនោះទេដោយសារនាងមានអាការៈឆាប់ហត់។ ប៉ុន្តែក្រោយពីបានដឹងថា សាលារៀនរបស់នាងមានកម្មវិធីសិក្សាក្បាច់គុណល្បុក្កតោអ៊ីហ័រក៏បានសុំប៉ាម៉ាក់ដើម្បីចូលហាត់នឹងគេ។
មែនទែនទៅ អ៊ី ហ័រ គឺជាកូនស្រីច្បងនៃត្រកូលគ្រួសារធូរធារមួយមានទីលំនៅក្នុងខេត្តកំពង់ចាម។ប៉ុន្តែនាងត្រូវបាន ឪពុកម្តាយរបស់នាងបញ្ជូនឱ្យមកសិក្សាមកនៅសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ របស់លោកឧកញ៉ា គួច ម៉េងលីតាំងពីនាងមានអាយុ១២ឆ្នាំមកម្លេះ។
អ៊ីហ័រ ប្រាប់ថា ថ្វីត្បិតនាងចាប់អារម្មណ៍ស្រលាញ់ក្បាច់គុនល្បុក្កតោនេះខ្លាំងក៏ពិតមែនប៉ុន្តែនាងនៅតែរក្សាភាពជាយុវតីទន់ភ្លន់ និងមានសីលធម៌ល្អជាធម្មតា។ នាងក្នុងនាមជាស្រ្តីនាងត្រូវតែមានភាពទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយនោះទេ ហើយការហាត់កីឡាល្បុក្កតោនេះក៏មិនបានធ្វើឱ្យនាងផ្លាស់ប្តូរពីចរិតទន់ភ្លន់ក្លាយទៅជាកោងកាចផងដែរ។