នៅក្នុងការងារប្រកបអាជីវកម្មចិញ្ចឹមជីវិត គេធ្លាប់លឺទស្សនៈសង្គមមួយនិយមនិយាយថា ពលរដ្ឋខ្មែរដែលមានជាប់សែស្រឡាយជនជាតិចិន ឬវៀតណាម ពូកែខាងធ្វើជំនួញជួញដូរ ដែលមិនដូចពលរដ្ឋជនជាតិខ្មែរពូកែខាងធ្វើការឱ្យគេ ប៉ុន្តែមិនពូកែធ្វើជំនួញនោះទេ។ តើលោកអ្នកយល់យ៉ាងណាចំពោះទស្សនៈមួយនេះ?
សម្រាប់លោកឧកញ៉ាគួច ម៉េងលីដែលសាធារណៈជនទូទៅស្គាល់ថាជាអ្នកជំនួញយ៉ាងចំណាប់នោះ លោកហាក់មិនយល់ស្របនឹងទស្សនៈខាងលើនោះទេ។ លោកថា មិនថាខ្មែរ ចិន ចាម វៀតណាម ឱ្យតែមានការតស៊ូ ហើយចេះចាប់យកឱកាស គឺហៅថាអ្នកពូកែរកស៊ីហើយ។ យ៉ាងណាក៏ដោយលោកក៏បានរំលេចទស្សនៈខុសគ្នាមួយរវាងជនជាតិខ្មែរនិងជនជាតិចិននៅក្នុងការចាប់យកឱកាសធ្វើជំនួញយ៉ាងដូច្នេះថា។
ជាម្ចាស់អាហារដ្ឋានខ្នាតតូចមួយ ដែលមានទីតាំងនៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដា លោកសាយ គៀតយល់ថា បានជាមានទស្សនៈថាខ្សែស្រឡាយចិនប៉ិនរកស៊ីជាងខ្មែរ អាចបណ្តាលមកពីភាគច្រើនពលរដ្ឋខ្មែរដែលនជាប់ខ្សែស្រឡាយចិននោះមានទំនៀមប្រកបរបរអាជីវកម្មតាំងពីដូនតាមកម្លេះ។ ប៉ុន្តែលោកមិនយល់ថាអ្នកមានខ្សែស្រឡាយចិនពូកែជាងខ្មែរនោះទេ។
សម្រាប់អ្នកស្រីសុភ័ណ្ឌ ដែលជាអ្នកលក់ឆាងប៉ក់ពាវិញ អ្នកស្រីយល់ថា កូនខ្មែរមួយចំនួនហាក់នៅមានភាពខ្មាស់អៀនក្នុងការងារលក់ដូរកំប៉ិកកំប៉ុក។ កំប៉ិកកំប៉ុក ដែលអ្នកស្រីរាប់ចាប់តាំងពីរបរលក់នំ របររើសអេតចាយជាដើម ខណៈជាតិសាសន៍ដទៃចាត់ទុករបរកំប៉ិកកំប៉ុកនោះជាប្រភពចំណូលដើម្បីពង្រីកមុខរបរឱ្យកាន់តែធំ។តាមលោកឧកញ៉ាគួច ម៉េងលី លោកថាកត្តាមួយទៀតដែលធ្វើឱ្យកូនចៅខ្មែរមិនសូវមានឱកាសក្លាយជាអ្នកជំនួញ គឺដោយសារកូនខ្មែរមិនសូវបានទទួលរៀនសូត្រពីអ្នកជំនាន់មុន។ មានន័យថា អ្នកជំនួញជនជាតិខ្មែរ មិនសូវបានចែករំលែកចំណេះដឹងអំពីការធ្វើជំនួញជោគជ័យទៅឱ្យក្មេងជំនាន់ក្រោយជាដើម។ លោកថា បើកូនខ្មែរមានឱកាសធ្វើការនិងដឹកនាំការងារជំនួញដូចជាតិសាសន៍ដទៃ កូនខ្មែរមិនមែនអន់នោះទេ។