អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងសិក្ខាសាលាស្ដីពី «ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន» (Youth Financial Empowerment) លើប្រធានបទស្តីអំពី «ជំនាញគ្រប់គ្រងលុយសម្រាប់យុវជន៖ ការសម្រេចបាននូវឯករាជ្យហិរញ្ញវត្ថុ» នៅ The Factory Phnom Penh។ កម្មវិធីនេះរៀបចំដោយសមាគមនិសិ្សតអន្តរជាតិអាយស៊ិកនៅកម្ពុជា ហៅកាត់ថាAIESEC(អាយស៊ិក) ដោយមានវាគ្មិនចំនួន៣រូបផ្សេងទៀតចូលរួម និងឡើងធ្វើបទបង្ហាញអំពី មានដូចជា៖ លោក ទិត្យ កំរង កញ្ញា រិន សិទ្ធិនារី និងលោក យិន សំណាងជាដើម ព្រមទាំងនិស្សិតប្រមាណ១០០នាក់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះសិក្ខាសាលានេះ ហើយអ្នកឧកញ៉ា វេជ្ជបណ្ឌិត បង្ហើបថា៖ “នៅបរទេសភាគច្រើនគេតែងតែរៀបចំនូវសិក្ខាសាលាបែបនេះច្រើន ដោយអញ្ជើញអ្នកមានបទពិសោធស្រាប់ដើម្បីចូលរួមចែករំលែកដល់យុវជនៗ”។
ដោយសារតែសិក្ខាសាលាខាងលើ ផ្ដោតសំខាន់ទៅលើផ្នែកហិរញ្ញវត្ថុ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានទាញយកមេរៀនអាជីវកម្មដែលអ្នកឧកញ៉ា បាននិងកំពុងតែអនុវត្តស្រាប់ចែករំលែកដល់ក្រុមយុវជនប្រមាណ ១០០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ ជាក់ស្ដែង ក្នុងវេទិកាតុមូលនៃសិក្ខាសាលានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានណែនាំដល់យុវជនថា៖ “មិនគួរឆាប់ប្រឡូកក្នុងការប្រកបរបររកស៊ីលឿនពេកឡើយ ជាពិសេសអ្នកឧកញ៉ាណែនាំឱ្យចៀសវាងជាដាច់ខាត កុំរកស៊ីចូលហ៊ុនគ្នា គឺគួររកស៊ីពីតូចទៅធំប្រសើរជាង”។
លើសពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា៖ “យុវជនបើចង់ប្រកបរបររកស៊ី ត្រូវរកស៊ីលើចំណេះជំនាញ និងចំណង់ចំណូលចិត្តណាដែលខ្លួនស្រឡាញ់ និងចូលចិត្ត ទើបអាចមានភាគរយខ្ពស់ទទួលបានជោគជ័យ”។ ជាពិសេស អ្នកឧកញ៉ា វេជ្ជបណ្ឌិត កត់សម្គាល់ចំពោះការសិក្សាជំនាញវិជ្ជាវីវៈ(TVET) ក៏ជាជំនាញដ៏ល្អមួយសម្រាប់យុវជនផងដែរ។
លោក ទិត្យ កំរង ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ App Kotluy យល់ថា៖ យុវជនត្រូវតែយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ និងបំប្លែងចំណេះដឹងហិរញ្ញវត្ថុទៅជា ផែនការថវិកាសម្រាប់ខ្លួនឯង។ លោកថា យុវជនចាំបាច់ផែនការថវិកា ដើម្បីអនុវត្តរៀបចំចាត់ចែងក្នុងការចំណាយចាយវាយឱ្យបានត្រឹមត្រូវ។
ក្នុងសិក្ខាសាលាស្ដីពី ការពង្រឹងផ្នែកហិរញ្ញវត្ថុសម្រាប់យុវជននេះ(Youth Financial Empowerment) ក៏មានជាការចោទជាសំណួរជាច្រើនពីសិស្ស-និស្សិតដែលបានចូលរួម មានដូចជា៖
តើការសន្សំលុយក្នុងកុងធនាគារ និងសន្សំជាសាច់លុយ តើជម្រើសណាដែលល្អប្រសើរជាង?
ឆ្លើយតបនឹងសំណួរនេះ លោក ទិត្យ កំរង ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ App Kotluy បានលើកឡើងថា ការសន្សំលុយនៅធនាគារមានសុវត្ថិភាពជាងការសន្សំជាសាច់ប្រាក់។ សុវត្ថិភាពជាងដោយហេតុថា បើសិនជាពេលមានហានិភ័យ ឬបញ្ហាអ្វីមួយ ការសន្សំលុយនៅធនាគារ គឺអាចឱ្យផ្ដល់ទំនុកចិត្តដល់អ្នកសន្សំលុយបាន។ ជុំវិញសំណួរនេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី យល់ថា បើសិនជាអាច យុវជនអាចយកលុយទៅសន្សំនៅក្នុងមីក្រូហិរញ្ញវត្ថុក៏ជាការប្រសើរដែរ។
ដោយឡែក សម្រាប់លោក យិន សំណាង អ្នកជំនាញផ្នែកទីផ្សារ និងជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន និយាយដោយសាមញ្ញថា សម្រាប់ខ្លួនលោកនៅតែបន្តសន្សំលុយតាមកូនជ្រូកដែលជាការសន្សំលុយបែបបុរាណ ជាជាងសន្សំលុយតាមកុងធនាគារ ព្រោះការដាក់ក្នុងកុងធនាគារ ធ្វើឱ្យរូបលោកចេះតែមានទម្លាប់បាញ់ចេញ និងចូលចាយវាយផ្ដេសផ្ដាសពេក។
ចំណែកកញ្ញា រិន សិទ្ធិនារី ជាអ្នកបង្កើតមាតិកា (Content Creator) និងជាអ្នកនិពន្ធ បានលើកឡើងថា សម្រាប់កញ្ញាត្រូវការមានទុនបម្រុងដែលនៅក្រៅកុងធនាគារ ដើម្បីបង្ការនៅពេលមានករណីបន្ទាន់ណាមួយ តែជាជំហានដំបូងកញ្ញា ចង់រកវិធីក្នុងការរកលុយបន្ថែមជាមុនសិន។
តើយុវជនដែលកំពុងសិក្សានៅសាកលវិទ្យាល័យគួរតែធ្វើអាជីវកម្មឬទេ?
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញទស្សនៈទានថា យុវជនមិនគួរឆាប់ប្រឡូកក្នុងការរកស៊ី ឬប្រកបអាជីវកម្មនៅវ័យក្មេងពេកនោះទេ ព្រោះវាអាចប៉ះពាលដល់ការសិក្សារបស់យុវជន និងអាចធ្វើឱ្យពួកគេប្រឈមនូវការបរាជ័យទាំងការរកស៊ី និងការសិក្សាតែម្ដង។ ជាអាទិ៍ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងនូវ ៤ចំណុចដែលយុវជនគួរចៀសវាងគឺ៖
ចំណុចទី១. កុំឱ្យមិត្តភក្តិខ្ចី
ចំណុចទី២. កុំចូលហ៊ុនជាមួយមិត្តភក្តិរកស៊ី
ចំណុចទី៣. កុំខ្ចីមីក្រូហិរញ្ញវត្ថុមករកស៊ី
ចំណុចទី៤. កុំទិញរបរប្រើប្រាស់ដែលចង់បាន តែត្រូវទិញរបស់របរដែលត្រូវការជាចាំបាច់។
សូមជម្រាបថា សមាគមនិសិ្សតអន្តរជាតិនៅកម្ពុជា ហៅកាត់ថាAIESEC(អាយស៊ិក) តែងតែនានា រៀបចំសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលនានា ដើម្បីផ្ដល់ចំណេះដឹងផ្សេងៗជូនដល់យុវជន។ បច្ចុប្បន្ន AIESEC(អាយស៊ិក)មានចំនួន៤សាខា៕
អត្ថបទដោយ៖ យឺន សីហា