សង្គម Aug 20, 2024

កម្ពុជានឹងមានភ្លៀងធ្លាក់កម្រិតខ្ពស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា

image

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា៖ យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអះអាងថា យោងតាមស្ថានភាពខាងលើនឹងបណ្ដាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្ដប់ទូទាំងប្រទេស និងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនៅតំបន់មួយចំនួនរួមមាន៖ តំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។ ក្នុងនោះនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងរាជធានីភ្នំពេញ។ តំបន់ខ្ពង់រាបមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ្រមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។​ រលកសមុទ្រមានកម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ២,៥០ម៉ែត្រ។

ជាមួយគ្នា ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសតាមបណ្ដាខេត្តដែលក្រសួងបានជម្រាបជូនដូចខាងលើ អំពីស្ថានភាពធាតុអាកាសដូចជា ផ្គររន្ទះ ខ្យល់កន្រ្តាក់ ភ្លៀងខ្លាំង ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទដោយ៖ យឺន សីហា