ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី១១ឈ្មោះ យ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមស្ថានភាពខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា៖ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់វាលទំនាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ ដោយមានខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ស្ថានភាពនេះនឹងធ្វើឱ្យខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៦០ភាគរយ។
សម្រាប់តំបន់ខ្ពង់រាបវិញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៣,២៥ម៉ែត្រក្នុងមួយវិនាទី។ ស្ថានភាពនេះនឹងធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៤៥ភាគរយ។
ដោយឡែកចំពោះតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៧,៥ម៉ែត្រក្នុងមួយវិនាទី។ ស្ថានភាពនឹងធ្វើឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី ៥០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់អប្បបរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៧៥ម៉ែត្រ៕
អត្ថបទដោយ៖ យឺន សីហា